(ភ្នំពេញ)៖ នៅលើពិភពលោកយើងនេះ ទោះបីជាប្រទេសមហាអំណាចជឿនលឿន និងរីកចំរើនយ៉ាងណាក្ដី ក៏ពុំបានភ្លេចពីអរិយធម៌របស់ខ្លួន តំាងពីសម័យបុរេប្រវត្តិមកនោះទេ។ មិនតែប៉ុណ្ណោះ ពួកគេកាន់តែលើកកំពស់លើការស្រាវជ្រាវខាងផ្នែកបុរាណវិទ្យាថែមទៀត ព្រោះវាបានលើកតម្លៃនិងភាពថ្លៃថ្នូរនៃពូជសាសន៍របស់ខ្លួន។ យ៉ាងណាម៉ិញកម្ពុជា ក៏ជាប្រទេសមួយដែលមានអរិយធម៌ដ៏ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដម និងសំបូរបែបតាំងពីសម័យបុរាណរៀងមក។ ក្នុងនោះស្រាអង្ករ ឬស្រាស ក៏ជាចំណែកមួយក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរ យ៉ាងប្រពៃផងដែរ។
តើស្រាអង្ករខ្មែរ មានប្រវត្ដិយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បច្ចុប្បន្នបើនិយាយអំពីប្រភេទនៃស្រា មានច្រើនប្រភេទច្រើនសណ្នានណាស់ មានដូចជា ស្រាអង្ករឬស្រាស ស្រាទឹកត្នោតជូរ ស្រាបៀរ ស្រាទំពាំងបាយជួរឬស្រាក្រហម ស្រាវិស្គី និងស្រាផ្សេងៗទៀត។ ក្នុងនោះបើនិយាយអំពី «ស្រាអង្ករឬស្រាស» របស់ខ្មែរយើងវិញ គឺមានប្រវត្ដិតាំងពីសម័យបុរាណមកម៉្លេះ។
ចំពោះពាក្យថា «ស្រាអង្ករ» គឺ៖
* ស្រា ប្រែថាទឹកស្រវឹងមានដើមកំណើតពីព្រានព្រៃឈ្មោះសុរៈ
* សុរា ជាភាសាបាលី ឬសំស្ក្រឹត ប្រែថាភេសជ្ជៈស្រា
* អង្ករ គ្រាប់ស្រូវ ឬគ្រាប់ធញ្ញជាតិដែលបុក ឬកិនយកអង្កាមឬសំបកចេញ។
បានន័យថាចំពោះអត្ថន័យស្រាអង្ករឬស្រាស គឺជាប្រភេទស្រាមួយបែបដែលផ្សំឡើងដោយអង្ករ រួចលាយជាមួយមេដំបែរ ឲ្យកើតជាទឹកស្រវឹងឡើង ឬហៅម្យ៉ាងទៀតថាទឹកច័ណ្ឌជាភាពកំណាច សេចក្ដីក្រោធកំហឹងក្ដៅ។
លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះប្រវត្ដិនៃស្រាអង្ករឬស្រាសនេះវិញ យើងឃើញលេចរូបរាងឡើងតំាងពីសម័យបុរាណមកម៉្លេះ។ ព្រោះនៅចំលាក់ក្រឡោតទាបលើប្រាសាទបាយ័ន នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ស.វ.ទី១២ បានឆ្លាក់រៀបរាប់បង្ហាញពីជីវភាពរបស់រាស្ត្រខ្មែរសំបូរបែប និងការផឹកស្រា តាមកុលាលភាជន៍ និងឪទិនជាដើម ។ ដូចលោក ជីវតាក្វាន់ បានរៀបរាប់ថាខ្មែរបានផលិតស្រា។
ពិសេសជាងនេះទៀត ស្រា ក៏ត្រូវបានលើកយកមកលាតត្រដាងនៅស.វ.ទី១០ ក្នុងសិលាចារឹក K.៣៤៨ មានការបរិច្ឆេទ៨៧៦សកនៃគ.ស.៩៥៤ បានរៀបរាប់ពីព្រះបាទរាជជិន្រ្ទវរ្ម័ន រំលឹកដល់ព្រះបាទយសោវរ្ម័ន បានដង្វាយស្រា ដើម្បីឧទ្ទិសទៅអទិទេពសីវលិង្គ śivalinga ព្រហ្មញ្ញសាសនា ក៏ដូចសម្រាប់បូជាដល់ពពួកព្រលឹងផ្សេងៗ ដើម្បីលាងជម្រះមន្ទិល។
លោក រត្ន័ សណ្ដាប់ បន្ដទៀតថាដោយបច្ចុប្បន្នចំពោះស្រាអង្ករ ឬស្រាសនេះមានប្រវត្ដិតំាងបុរាណរៀងមក ហាក់កំពុងបាត់បង់ប្រជាប្រិយនៅក្នុងសង្គមខ្មែរយើង។ម្យ៉ាងទៀតដោយហេតុថា ស្រាមានគុណតម្លៃផងដែរ រវាងប្រជាជាតិមួយនិងប្រជាជាតិមួយ ដើម្បីឲ្យមានភាពស្និទ្ធស្នាល និងទុកចិត្តគ្នាតាមរយ:មុខរបរជំនួញ ឬការរាប់អានមិត្តភក្តិជួបជុំគ្នា។ ដូច្នេះប្រជាជាតិខ្មែរយើង គួររៀបចំផលិតនិងអភិរក្សស្រាអង្ករឬស្រាសនេះ ឲ្យស្របតាមការវិវត្ដរបស់សង្គមជាតិដើម្បីទុកជាមរតកជាតិតរៀងទៅ៕