(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងជុំវិញលទ្ធផលនៃកិច្ចប្រជុំកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍លើកទី១៩ នៅប្រ៊ុយណេ ថា កិច្ចប្រជុំប្រចាំឆ្នាំនេះ ដើម្បីត្រួតពិនិត្យពីវឌ្ឍនភាពការងារនៅតាមបណ្ដាញសមាគមជាតិ ពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងការរួមគ្នាដោះស្រាយនូវបញ្ហាទាំងនោះ។
ជាលទ្ធផលនៅក្នុងដំណើរនៃកិច្ចប្រជុំនោះ មានចំណុចថ្មីជាច្រើន រួមមាន៖ លទ្ធផលដែលវេទិកាយុវជនសម្រេចបាននៅក្នុងរយៈពេល៣ថ្ងៃមកនេះ និងចេញសេចក្ដីថ្លែងការរួមមាន ជូនមកដល់ថ្នាក់ដឹកនាំទាំងអស់, ការពិនិត្យមើលនូវសេចក្ដីថ្លែងការលើកកិច្ចប្រជុំមុនៗចំនួន៣ គឺទី១៖ ឆ្លើយតបនឹងវិបត្ដិកូវីដ១៩ ទី២៖ ការគិតគូរពីការរកមូលនិធិដើម្បីធានានិរន្ដភាពរបស់សមាគមជាតិនីមួយៗ និងទី៣៖ ការប្រមូលផ្ដុំកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ដ រួមទាំងការងារផ្សេងៗទៀត។
ថ្លែងក្នុងកិច្ចសម្ភាសរយៈពេលជាង១៦នាទី នៅអាកាសដ្ឋានអន្ដរជាតិភ្នំពេញ នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោកស្រី ម៉ែន នារីសោភ័គ បានគូសបញ្ជាក់ថា «ចំណុចថ្មីមួយទៀត ដែលត្រូវដាក់បញ្ជូលបន្ថែម គឺលើការងារសង្គ្រោះបឋម ដែលជាគំនិតផ្ដួចផ្ដើមរបស់សិង្ហបុរី និងអឌ្ឍចន្ទក្រហមប៊្រុយណេ ដែលស្របទៅនឹងគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ដ្ររបស់សហព័ន្ធឆ្នាំ២០៣០ ប៉ុន្ដែដោយសារតែវិបត្ដិកូវីដ១៩ និងជំងឺថ្មីៗកើតឡើង ដែលជះឥទ្ធពលអាក្រក់ ដូច្នេះនឹងបន្ថែមបញ្ហាផ្លូវចិត្ដ និងចិត្ដសាស្ដ្រ ទៅក្នុងការងារសង្គ្រោះបឋម»។
លោកស្រីបានថ្លែងបន្ដថា បន្ទាប់ពីប៊្រុយណេធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅក្នុងឆ្នាំនេះ តាមលក្ខខណ្ខ គឺមានការប្ដូរវេណ ដូច្នេះនៅឆ្នាំ២០២៣ខាងមុខនេះ កាកបាទក្រហមកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍លើកទី២០ ដែលជាលើកទី៣សម្រាប់កម្ពុជា និងវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ កិច្ចប្រជុំនៅឆ្នាំក្រោយនេះ កាកបាទក្រហមកម្ពុជា នឹងទទួលភារកិច្ចមួយក្នុងការពិនិត្យមើលក្នុងសេចក្ដីថ្លែងការនៃទីក្រុង Banda Seri Begawan ប្រទេសប្រ៊ុយណេ រួមទាំងការពង្រឹងកិច្ចសហប្រតិបត្ដិការរវាងសហព័ន្ធអន្ដរជាតិ ជាមួយនឹងអាស៊ាន៕
សូមទស្សនាលម្អិតនូវកិច្ចសម្ភាស របស់លោកស្រី ម៉ែន នារីសោភ័គ ដូចតទៅ៖