(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកកំពង់លែង បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំច្រណូក ឃុំត្រងិល ឃុំកំពង់ហៅ ឃុំដារ និងឃុំផ្លូវទូក រួមជាមួយសមាជិកគណបក្សខេត្តកំពង់ឆ្នាំង គណបក្សស្រុកកំពង់លែង និងគណបក្សឃុំ បានចុះពិនិត្យស្ថានភាពទឹកជំនន់ កំពុងជន់លិចតាមបណ្តាភូមិនានា ក្នុងស្រុកកំពង់លែង និងសម្រេចជួយដោះស្រាយថវិកាជូនបណ្តាឃុំចំនួន៥ ខាងលើកំពុងប្រឈមការខ្វះខាតការលើចំណាយថវិកាក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមកនេះ។
ក្នុងឱកាសនោះលោកបណ្ឌិត សឹង សំណាង បានស្តាប់យ៉ាងយកចិត្តទុកដាក់របាយការណ៍របស់លោក សំ ចាន់ថន លេខាគណបក្សស្រុកកំពង់លែង ស្តីពីស្ថានភាពទឹកជំនន់ ដែលបង្កឱ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៤៨៧ខ្នង ក្នុងឃុំចំនួន៦ ស្មើនឹង ១៨ភូមិ។ ក្នុងនោះមាន ១២៩គ្រួសារ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
ដោយឡែកដីស្រែចំការ បានខូចខាតដំណាំស្រូវចំនួន ៨៧ ហិកតា និងកំពុងបន្តខូចខាតក្នុងពេលបច្ចុប្បន្នទឹកនៅបន្តឡើងនៅឡើយ។ ស្ថិតក្នុងកាល:ទេស:បែបនេះ អាជ្ញាធរដែនដី បានប្រមូលកម្លាំងសរុបចុះជួយ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះជាបន្តបន្ទាប់។
លោកបណ្ឌិត សឹង សំណាងបានណែនាំអាជ្ញាធរយកចិត្តទុកដាក់តាមដានប្រជាពលរដ្ឋដែលងាយរងគ្រោះដោយសារទឹកជំនន់។ លោកបណ្ឌិត ថ្លែងថា លោកយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបានផ្តល់អង្ករចំនួន ២តោនសម្រាប់ចែកជូនជនរងគ្រោះ។
លោកបណ្ឌិត សឹង សំណាង ក៏បានជួយដោះស្រាយថវិកាចំនួន ១៧,៦៥០,០០០រៀល ដើម្បីជួយដល់ក្រុមប្រឹក្សាឃុំចំនួន៥ យកទៅដោះស្រាយបញ្ហាផ្សេងៗ៕