(ព្រះសីហនុ)៖ ដោយសារតម្រូវការទីផ្សារការងារមានច្រើនទាំងក្នុងប្រទេស និងតំបន់អាស៊ាន ក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់សិស្សវិទ្យាល័យ ងាកមកជ្រើសរើសការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ ដូចជា ជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គេហកិច្ច មគ្គុទេសក៍ទេសចរណ៍ជាដើម ដែលទទួលប្រាក់ចំណូលសមរម្យ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការតម្រង់ទិសជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់សិស្សវិទ្យាល័យក្នុងខេត្តព្រះសីហនុ លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកទឹកចិត្តបែបនេះដល់សិស្ស ដែលកំពុងនៅវិទ្យាល័យ។ សិក្ខាសាលានេះ ធ្វើឡើងចាប់ពីថ្ងៃទី៧-៨ ខែតុលា ឆ្នាំ២០២២ នៅទីតាំងវិទ្យាល័យចំនួន៤ មានវិទ្យាល័យហ៊ុនសែនវាលរេញ វិទ្យាល័យស្ទឹងហាវ វិទ្យាល័យក្រុងព្រះសីហនុ និងវិទ្យាល័យហ៊ុនសែនមិត្តភាព ដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ គណៈគ្រប់គ្រង និងសិស្សានុសិស្សនៃវិទ្យាល័យនីមួយៗសរុបប្រមាណ ១,០០០នាក់។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនីមួយៗ លោកអនុរដ្ឋលេខាធិការបានជម្រាបជូនថា ការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេសបានធ្វើឱ្យវិស័យទេសចរណ៍ក្នុងឆ្នាំ២០២២នេះមានការងើបឡើងវិញយ៉ាងឆាប់រហ័ស។ ជាក់ស្តែង ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត ១លាននាក់ កើនឡើង៧២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ និងទេសចរផ្ទៃក្នុងជាង ៨.៦លាននាក់ កើនឡើង ២៥៥.៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ស្របតាមកំណើននៃចំនួនភ្ញៀវទេសចរខាងលើ និងតម្រូវការធនធានមនុស្សក្នុងវិស័យទេសចរណ៍បច្ចុប្បន្ន លោកអនុរដ្ឋលេខាធិការបានលើកទឹកចិត្តដល់សិស្សវិទ្យាល័យទាំងបួនខាងលើ ក៏ដូចសិស្សនៅទីដទៃទៀតទៀតអាចងាកមកជជ្រើសរើសសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ទៅតាមឧបនិស្ស័យ ដូចជា ជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គេហកិច្ច មគ្គុទេសក៍ទេសចរណ៍ជាដើម ដែលជាជំនាញឯកទេសមានទាំងរយៈពេលខ្លី មធ្យម និងវែង និងមានប្រាក់ចំណូលសមរម្យ។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា តាមរយៈការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដាអាស៊ាន ក្រោមការត្រួតពិនិត្យគុណភាពបណ្តុះបណ្តាលពីក្រសួងទេសចរណ៍ សិស្សានុសិស្សនឹងអាចធ្វើការបម្លាស់ទីស្វែងរកការងារធ្វើនៅក្នុងប្រទេសផ្សេងៗក្នុងតំបន់អាស៊ានបានផងដែរ តាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន។
លោក នី ផល្លី បានបន្តថា ជំនាញឯកទេសវិជ្ជាជីវៈទេសចរណ៍ក៏មានការបែងចែកទៅតាមកម្រិតសញ្ញាបត្រតាមរយៈពេលនៃការសិក្សាផងដែរ មានដូចជាកម្រិតវិញ្ញាបនបត្របញ្ជាក់ការសិក្សារយៈពេលខ្លី កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។
សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ខាងលើនេះទទួលបានការគាំទ្រនិងការសាទរពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យទាំងបួន និងយល់បានកាន់តែច្បាស់អំពីសារៈសំខាន់នៃជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងលើកកម្ពស់កិត្យានុភាពប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ដែលមានសេវាកម្មប្រកបដោយគុណភាព និងបដិសណ្ឋារកិច្ចល្អ៕