(កំពង់ធំ)៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ដឹកនាំសហការី នាំយកអំណោយរបស់សប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ចំនួន ៣០គ្រួសារ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។

លោក ងួន រាសី បានលើកឡើងថា អំណោយទាំងអស់នេះ គឺជាអំណោយរបស់សប្បុរសជន បានផ្តល់ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងកំពុងត្រូវការជាចាំបាច់នូវគ្រឿង ឧបភោគបរិភោគដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

លោកបន្តថា អំណោយជាស្បៀងអាហារនេះ នឹងរួមចំណែកសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងពេលជួបការលំបាកដោយការជន់លិចនេះ។ លោកបន្ថែមថា ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែលើកឡើងគ្រប់ទីកន្លែង ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ មិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយ។

លោកអភិបាលរងខេត្ត បានឱ្យដឹងថា ក្រៅពីអំណោយចែកជូន ប្រជាពលរដ្ឋដល់ខ្នងផ្ទះនៅពេលនេះ សប្បុរសជនក៏ផ្តល់ជូនអង្ករដល់គណៈកម្មការគ្រប់គ្រង់គ្រោះ មហន្តរាយខេត្តកំពង់ធំចំនួន ៦តោន ដើម្បីទុកសម្រាប់សកម្មភាព អាជ្ញាធរ ចុះជួយប្រពលរដ្ឋដែលខ្វះខាតបន្តទៀត។ កាយវិការ ដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចតែងតែទទួលយកគ្រប់សប្បុរសជន ចង់ជួយប្រជនរបស់សម្តេចគ្រប់ពេល និងគ្រប់ទីកន្លែង។

ក្នុងនាមអាជ្ញាធរខេត្តកំពង់ធំ លោក ងួន រាសី ថ្លែងអំណរគុណជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សប្បុរសជន ដែលជាការស្ដែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ និងសាមគ្គីជាធ្លុង៕