(ព្រៃវែង)៖ បុរសពីរនាក់ឪពុក-កូន បានស្លាប់យ៉ាងអាណោចអាធម ក្នុងអណ្តូងបូមទឹកស្រែប្រាំង នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
នគរបាលស្រុកពារាំង បានឱ្យដឹងថា ជនរងគ្រោះជាឪពុកមានឈ្មោះ ខ្លឹង ពៅ អាយុ ៥២ឆ្នាំ និងកូឈ្មោះ ពៅ ប៊ុនធឿន អាយុ ២៨ឆ្នាំ ត្រូវជាកូន មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។
សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានធ្លាក់កូនសោចូលក្នុងអណ្តូង ហើយក៏នាំគ្នាចុះទៅយក ក៏ថប់ដង្ហើមរហូតស្លាប់ក្នុងអណ្ដូងតែម្តង។ អណ្តូងនេះដែរ មានជម្រៅ ១៤កង់លូ ហើយមួយលូមានប្រវែង ០.៥០ម៉ែត្រ។
សូមបញ្ជាក់ថា ករណីថប់ដង្ហើម ក្នុងអណ្ដូងទឹកបានកើតឡើងជាបន្តបន្ទាប់រួចមកហើយ ដូច្នេះសូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕