(ស្ទឹងត្រែង)៖ លោក ញ៉ែម​ សារី​ អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត នៅថ្ងៃទី០៩​ ខែតុលា ឆ្នាំ២០២២​នេះ បានអញ្ជើញក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងជ្រើសរើស បេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០២២​ ក្នុងខេត្តស្ទឹងត្រែង​។

លោក ញ៉ែម សារី បានលើកទឹកចិត្តឲ្យបេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញា ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឲ្យទទួលបាននូវជោគជ័យ។

លោកបានបន្តថា ការខិតខំប្រឹងប្រែងរបស់ប្អូនៗ គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង ដូចនេះត្រូវខិតខំយកអស់កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីឲ្យការប្រឡង ទទួលបានលទ្ធផលល្អប្រសើរ ដែលជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ​។

លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវប្រឡង​ត្រូវអនុវត្តតាមទៅបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ មិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស​វិញ្ញាសា និងឧបករណ៍អេឡិចត្រូនិចមិនត្រូវយកចូល ក្នុងបន្ទប់ប្រឡងបានឡើយ។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានថ្លែងផ្តល់កម្លាំងចិត្តដល់បេក្ខជន ក្នុងការប្រឡងប្រជែង ដោយឲ្យ​ជឿជាក់លើសមត្ថភាពខ្លួន និងទុកចិត្តលើគណៈកម្មការ គឺការប្រលងនេះ ប្រកបទៅដោយតម្លាភាព សុក្រិតភាព ហើយ​ត្រូវតាំងស្មារតី កុំភិតភ័យ នឹងចង់ចាំពាក្យមួយឃ្លាថា «អ្នកចេះ គឺជាប់» ជាពិសេសសូម​យកចំណេះដឹង និងសមត្ថភាពចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្តទៀត។

គួរបញ្ចាក់ផងដែរថា ខេត្តស្ទឹងត្រែងមានមណ្ឌលប្រឡងចំនួន១មណ្ឌល គឺ មណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច មានចំនួន ៣បន្ទប់ បេក្ខជនសរុបចំនួន ៤៧នាក់ ស្រីចំនួន៦នាក់ ក្នុងនោះបែងចែកចេញជា​ ០៣វិញ្ញាសា ក្នុងនោះរួមមាន៖​ ចំណេះដឹងទូទៅ,​ ចំណេះដឹងវិស័យមុខងារសាធារណៈ ចំណេះដឹងវិស័យពន្ធនាគារ​ និងវិញ្ញាសាគណិតវិទ្យាផងដែរ៕