(ត្បូងឃ្មុំ)៖ លោកឧត្តមអគ្គានុរក្សថ្នាក់ទី១ ឆែម សាវុធ អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះបានអញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងជ្រើសរើស ឲ្យចូលបម្រើការងារ នៅមណ្ឌលអប់រំកែប្រែទី៣ និងពន្ធនាគារខេត្តត្បូងឃ្មុំ ក្នុងក្របខ័ណ្ឌ​មន្ត្រី ពន្ធនាគារនៃក្រសួងមហាផ្ទៃ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ក៏មានកាអញ្ជើញចូលរួម ពីសំណាក់អភិបាលរងខេត្ត នាយក-នាយករងរដ្ឋ​បាលសាលាខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត គណៈកម្មការ​ប្រឡង និងក្រុមការងារជាច្រើនរូបទៀត។​

ឆ្លៀតក្នុងឱកាសនោះ លោក ឆែម សាវុធ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឲ្យរឹងមាំ ដើម្បីទទួលបានលទ្ឋផលល្អ ក្នុងការប្រឡង ព្រមទាំងជូនពរបេក្ខជនប្រឡងទាំងអស់ ទទួលបានជោគជ័យ។

​សូមបញ្ជាក់ថា ការប្រឡងជ្រើសរើស ឲ្យចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី៣ និងពន្ធនាគារខេត្តត្បូងឃ្មុំ មានបេក្ខជនសរុបចំនួន ៤៨៨នាក់ ស្មើនឹង៣៧បន្ទប់ រយៈពេលប្រឡង២ម៉ោង លើវិញ្ញាសារចំនួន០២រួមមាន វិញ្ញាសារចំណេះដឹងទូទៅ​ (ចំណេះដឹងវិស័យមុខងារសាធារណៈ​ និងចំណេះដឹងវិស័យពន្ធនាគារ) និងវិញ្ញាសារ​គណិតវិទ្យា៕