(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងអនុវត្តនូវបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា យ៉ាងសកម្មក្នុងការផ្តល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទៅរស់នៅភូមិធម្មជាតិរុនតាឯក។

របាយការណ៍បានបង្ហាញថា ប្រជាពលរដ្ឋជាង ៤ពាន់គ្រួសារហើយ បានត្រូវបានរៀបចំផ្តល់បណ្ណសមធម៌ក្រីក្រប្រភេទទី១ និងបានបើកប្រាក់ឧបត្ថម្ភរួចរាល់ផងដែរ។ ប្រជាពលរដ្ឋដែលទទួលបានបណ្ណក្រីក្រ និងបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល បានបង្ហាញក្តីរីករាយជាអនេក ព្រោះថវិកានេះបានរួមចំណែករំលែកការលំបាកនៅក្នុងជីវភាពរបស់ពួកគេ។

ប្រជាពលរដ្ឋទទួលបានបណ្ណសមធម៌ពីរាជរដ្ឋាភិបាល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានគិតគូរចំពោះសុខទុក្ខរបស់ពួកគេ និងសម្រេចផ្តល់បណ្ណសមធម៌ជូនដល់ពួកគេ។

សូមបញ្ជាក់ថា ដើម្បីការពារឱ្យបាននូវតំបន់រមណីយដ្ឋានអង្គរស្ថិតក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំសណ្តាប់ធ្នាប់តំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរា ដោយតម្រូវឱ្យប្រជាពលរដ្ឋនៅតំបន់រុះរើសំណង់ និងលំនៅឋានចាកចេញ។ រាជរដ្ឋាភិបាល បានផ្តល់សំណងជាដីទំហំប្រមាណ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ នៅភូមិធម្មជាតិរុនតាឯកចម្ងាយជាង ២០គីឡូម៉ែត្រពីក្រុងសៀមរាប ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញទាំងអស់នោះ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញទៅរស់នៅភូមិរុនតាឯកចំនួនពីរលើកមកហើយ ដោយមានប្រជាពលរដ្ឋចូលរួមជិត ៤ពាន់នាក់។

នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់បណ្ណក្រីក្រប្រភេទទី១ ជូនប្រជាពលរដ្ឋទាំងអស់ក្នុងរយៈពេល ១០ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់បណ្ណសមធម៌សម្រាប់ស្រ្តីមានផ្ទៃពោះ ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។

ក្រៅពីនោះសម្តេចតេជោ បានចេញបទបញ្ជាឱ្យឈូសឆាយ ពង្រាប ឬចាក់ដីសម្រាប់ពលរដ្ឋធ្វើលំនៅឋាន និងចាត់ចែងឱ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ រួមមានការសាងសង់ផ្លូវ ធ្វើសាលារៀន មន្ទីរពេទ្យ ផ្សារ ទីអារាម តបណ្តាញអគ្គិសនី តបណ្តាញទឹកស្អាត និងបណ្តាញអ៉ីនធើណេតជាដើម។

នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីតំបន់រម្មណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាមួយនឹងអត្រាប្រាក់ឧបត្ថម្ភសម្រាប់អ្នករស់នៅទីប្រជុំជន។

អត្រាផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នករស់នៅទីប្រជុំជននេះ ក្នុងមួយគ្រួសារទទួលបានប្រាក់ ១២ម៉ឺនរៀល, សមាជិកក្នុងគ្រួសារម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាកុមារអាយុពី ០ទៅ៥ឆ្នាំក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាជនមានពិការភាពក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាមនុស្សចាស់ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល និងគ្រួសារមានអ្នកផ្ទុកមេរោគអេដស៍ក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀលផងដែរ៕