(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអះអាងថា ការប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ ធ្វើឡើងដោយភាពសុក្រឹតត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ពោលអ្នកមានសមត្ថភាពទើបអាចប្រឡងជាប់។

លោកអភិបាលខេត្ត បានគូសបញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្នុងឱកាសបើកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២នេះ លោកអភិបាលខេត្ត បានបង្ហាញវិញ្ញាសាដល់បេក្ខជនចូលរួមប្រឡង និងបានបញ្ជាក់ថា វិញ្ញាសា គឺស្ថិតនៅក្នុងស្រោមបិទជិត គ្មានរហែក គ្មានស្លាកស្នាម ព្រមទាំងមានចុះហត្ថលេខារបស់បេក្ខជន និងគណៈកម្មការកណ្តាលរៀបចំការប្រឡង ហើយការបើកកញ្ចប់វិញ្ញាសា គឺនៅចំពោះមុខបេក្ខជន និងអនុរក្សទៅតាមពេលវេលា និងបន្ទប់ដែលបានកំណត់។

លោកអភិបាលខេត្ត បានអះអាងថា «ការប្រឡងនាពេលនេះ គឺប្រកបដោយភាពសុក្រឹត និងមានតម្លាភាព ដូច្នេះសូមបេក្ខជនទាំងអស់ត្រូវខិតខំបញ្ចេញ ឲ្យអស់ពីសមត្ថភាព រៀងៗខ្លួន និងត្រូវគោរពតាមគោលការណ៍ ណែនាំរបស់គណៈកម្មការប្រឡងឲ្យបានត្រឹមត្រូវ ព្រោះបើយើងមានសមត្ថភាព នឹងប្រឡងជាប់ជាក់ជាមិនខាន ហើយអ្នកដែលបានប្រឡងជាប់សុទ្ធសឹង ជាអ្នកមានសមត្ថភាពដែលអាចចូលបម្រើការងារ នៅពេលខាងមុខ»។

សូមជម្រាបថា បេក្ខជនដែលបានដាក់ពាក្យប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ខេត្តព្រះសីហនុ មានចំនួនសរុប ១៩៣នាក់៕