(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារថ្មីនិងពុទ្ធាភិសេក វត្តទីបការាម(ហៅ វត្តពៅវើយ) នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

កម្មវិធីដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ សមាជិករដ្ឋសភា មន្ត្រីរាជការកងកម្លាំង សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនផងដែរ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានឱ្យដឹងថា វត្តពៅវើយស្ថិតនៅក្នុងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ខាងកើតជាប់ព្រៃរនាម ខាងលិចជាប់នឹងទន្លេឆ្មារ ខាងជើងជាប់ព្រៃរនាមខាងត្បូងជាប់ និងស្រុកស្ទោងចម្ងាយ៩៩គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ។

វត្តពៅវើយ ត្រូវបានកសាងឡើង នៅក្នុងឆ្នាំ១៩០៦ មានព្រះវិហារ តែមានសភាពចាស់ទ្រុឌទ្រោម។ លុះដល់ឆ្នាំដល់ថ្ងៃទី៣០ ខែមីនាឆ្នាំ ២០១៨ ត្រូវបានកសាងព្រះវិហារថ្មី និងបានបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ព្រះវិហារថ្មី បានសង់ផុតពីផ្ទៃទឹកនៅទីតាំងខាងត្បូងព្រះវិហារចាស់ ដោយមានផ្ទៃបេតុងជុំវិញព្រះវិហារ ២៩.៧០ម៉ែត្រ ទទឹង ២១.៧០ម៉ែត្រ តួព្រះវិហារ ២០.៥០ម៉ែត្រ នឹង ១២.៥០ម៉ែត្រ ដោយកសាងថវិកាអស់ចំនួន ២៧៧,៧៨០ដុល្លារ។

លោកបណ្ឌិត ជា ចាន់តូ បានចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះសមិទ្ធផលជាច្រើន ដែលមានអភិវឌ្ឍរីកចម្រើនជាលំដាប់ទាំងផ្នែកសាសនា, ផ្នែកអប់រំ, ផ្នែកសុខាភិបាល រួមទាំងការកសាង ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងស្រុកស្ទោង ក៏ដូចជានៅទូទាំងប្រទេស។ សមិទ្ធផលទាំងនេះ បានបង្ហាញអំពីភាពសុខដុមរមនា និងភាពសម្បូរសប្បាយរុងរឿង របស់ប្រជាជននៅតាមមូលដ្ឋានភូមិស្រុកនៅទីនេះ ក្រោមការដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមរបស់ព្រះតេជគុណព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាបងប្អូនប្រជាពលខ្មែរដែលរស់នៅក្រៅប្រទេសផងដែរ។

លោកបន្តថា ដូចនឹងស្ថានភាពនៅទូទាំងប្រទេសផងដែរ អ្វីៗដែលត្រូវបានកសាងឡើងមកនេះ នឹងនៅស្ថិតស្ថេរគង់វង្សតទៅមុខសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏នឹងមានការបន្តអភិវឌ្ឍ កាន់តែរីកចម្រើនបន្ថែមទៀត ដរាបណាប្រទេសជាតិ នៅរក្សាបានសុខសន្តិភាពដូចពេលបច្ចុប្បន្ន។

លោក ជា ចាន់តូ បានបន្ដថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ ហើយក៏ជាអ្នកបានមើលឃើញ និងដឹងឮ ដោយផ្ទាល់អំពីអ្វីល្អ និងអ្វីអាក្រក់។ ក្នុងរយៈពេលជាង៤០ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានទទួលអម្រែកដឹកនាំប្រទេស ដោយឈានចេញពីការសង្គ្រោះជាតិប្រជាជនចេញពីរបប ប៉ុល ពត អមដោយការស្តារកសាងជាតិចេញពីគំនរផេះផង់ និងការការពារការវិលត្រលប់នៃរបបខ្មែរក្រហម, ការបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃសម្រេចបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី។

លោកបន្តថា ទាំងនេះ គឺជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជា ដែលបានរួមសាមគ្គីគ្នាកសាងឡើងជាមួយរាជរដ្ឋាភិបាលក្នុងរយៈពេល ៤៣ឆ្នាំកន្លងមក ហើយសមិទ្ធផលនេះ គឺជាសមិទ្ធផលរួមរបស់យើងកើតចេញពីកម្លាំងញើសឈាម និងការខិតខំប្រឹងប្រែងរបស់ជនរួមជាតិទាំងអស់ ដែលត្រូវប្តេជ្ញាការពារសមិទ្ធផលទាំងអស់នេះ។

លោក ជា ចាន់តូ បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ក្នុងវិស័យព្រះពុទ្ធសាសនា ឲ្យមានការអភិវឌ្ឍរីកចម្រើនរុងរឿង។ ពេលនេះបានចូលរួមចំណែកផ្តល់ថវិកាជាវិភាគទាន ជួយកសាងព្រះវិហារក៏ដូចសមិទ្ធផលផ្សេងទៀត និងការលើកកម្ពស់គុណភាពនៃព្រះពុទ្ធសាសនានៅកម្ពុជា៕