(អេហ្ស៊ីប)៖ ប្រអប់ខ្មៅរបស់យន្តហោះអេហ្ស៊ីប EgyptAir ត្រូវបានស្រង់ចេញពីក្នុងទឹកសមុទ្រ មេឌីទែរ៉ាណេ ហើយនិងបានបញ្ជូនទៅដល់ដៃក្រុមជំនាញ ធ្វើការវិភាគទិន្នន័យដែលមាននៅក្នុងនោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយវែបសាយព័ត៌មានចិន CCTV News នាព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦។
បច្ចុប្បន្ននេះ ក្រុមគ្រួសារជនរងគ្រោះ និងក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីបកំពុងតែរង់ចាំទិន្នន័យយ៉ាង អន្ទះអន្ទែងជាទីបំផុត ព្រោះតាំងពីពេលដែលយន្តហោះបានធ្លាក់នាថ្ងៃទី១៩ ខែឧសភា កន្លងមកនេះ គេនៅពុំទាន់មានការបកស្រាយណាមួយច្បាស់លាស់ ចំពោះមូលហេតុនៃសោកនាដកម្មខាងលើនេះឡើយ។
គួរបញ្ជាក់ថា ការធ្លាក់យន្តហោះអេហ្ស៊ីបនេះ បានធ្វើឲ្យវិស័យអាកាសចរណ៍ស៊ីវិលអន្តរជាតិ កាន់តែព្រួយបារម្ភខ្លាំងចំពោះប្រព័ន្ធសុវត្ថិភាពយន្តហោះ និងសូម្បីតែការរុករកក្នុងករណីយន្តហោះបាត់។ តួយ៉ាង ប្រអប់ខ្មៅត្រូវបានផលិតជាពណ៌ទឹកក្រូចដើម្បីងាយប្រទះភ្នែក ក្នុងការស្វែងរកពេលយន្តហោះធ្លាក់ ប៉ុន្តែករណីដែលធ្លាក់នៅ ក្នុងទឹកនោះវាពិតជាពិបាកស្វែងរកណាស់។
បន្ថែមពីនេះទៀត អ្នកជំនាញអន្តរជាតិបានអំពាវនាវឲ្យប្រតិបត្តិករអាកាសចរណ៍ទាំងអស់ គិតគូឡើង វិញអំពីប្រព័ន្ធចាប់សញ្ញាប្រអប់ខ្មៅប្រកបដោយប្រសិទ្ធភាព ឲ្យបានមុនឆ្នាំ២០២១ ក្នុងករណីយន្តហោះបាត់ នឹងងាយស្វែងរកតាមរយៈប្រអប់ខ្មៅ។ ដោយឡែកសមត្ថភាពផ្ទុកទិន្នន័យក៏ត្រូវតែអភិវឌ្ឍន៍ ឲ្យបានប្រសើរឡើងជាងមុនដែរ ដោយតម្រូវឲ្យអាចថតទិន្នន័យបាន ២៥ម៉ោងលើសពីធម្មតាដែលមាន តែរយៈពេល ២ម៉ោងប៉ុណ្ណោះ៕