(ភ្នំពេញ)៖ ​​ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីដាំកូនឈើចំនួន ៨,០០០ដើម ក្រោមប្រធានបទ «ការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹងអ៉ីអន» មុនពេលបើកសម្ពោធផ្សារទំនើបទី៣ នៅបរិវេណផ្សារទំនើបអ៉ីអន ម៉ល មានជ័យ (អ៉ីអន៣) ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពិធីនេះ បានធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក មីកាមិ ម៉ាសាហីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស ខ្មែរ និងជប៉ុន​ ប្រមាណជាង១,០០០នាក់ ក្នុងពិធីដាំកូនឈើ ដែលមានកូនឈើ ១៣​​ប្រភេទ ដូចជា Crinum Lily, Spider Lily, Western Sword Fern,​ ជាដើម នាថ្ងៃសៅរ៍​ ទី៨ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។
​ពិធីដាំកូនឈើ «ការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹង អ៉ីអន» មានគោលបំណងបង្កើតផ្សារទំនើបដែលហុំព័ទ្ធដោយរុក្ខជាតិពណ៌បៃតង នៅក្នុងសហគមន៍មូលដ្ឋាន ក្នុងបរិវេណផ្សារទំនើបសាងសង់ថ្មី ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍តំបន់នោះ​ និងយកចិត្តទុកដាក់ថែទាំ​ ដើម្បីក្លាយជាផ្សារទំនើប ដែល​បណ្តុះស្មារតីសហគមន៍បៃតង។

កន្លងមកនេះ ក្រុមហ៊ុន បានដាំកូនឈើប្រហែល ២២,០០០ដើម នៅមុនពេលបើកសម្ពោធផ្សារទំនើប អ៉ីអម៉ល ភ្នំពេញ​ និង​ ផ្សារទំនើប អ៉ីអន ម៉ល សែនសុខស៊ីធី។ កន្លងមក ក្រុមហ៊ុនអ៉ីអន និងប្រទេសកម្ពុជាធ្លាប់បានផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងល្នជាមួយគ្នាតាមរយៈអង្គការមូលនិធិបរិស្ថានអ៉ីអន និង​ AEON 1% CLUB ក្នុងការគាំទ្រ និងជួយឧមត្ថមដល់ «កម្មវិធីសម្ពោធសាលារៀន ក្នុងព្រះរាជាណាចក្រកម្ពុជា» និងការដាំដើមឈើនៅជុំវិញបរិវេន ប្រាសាទ អង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងនៅតំបន់ «ប្រាសាទចៅស្រីវិបុល» និងក្នុងតំបន់មជ្ឈមណ្ឌលគាំពារសត្វព្រៃភ្នំតាម៉ៅ ផងដែរ។

ដើមឈើដែលបានដាំកន្លងមក និងដាំរួមគ្នានៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃសាមគ្គីភាព ផ្សាភ្ជាប់យ៉ាងស្អិតរវាងវិស័យសាធារណៈវិស័យឯកជន និងកម្លាំងមហាជន ក្នុងការលើកកម្ពស់អនាម័យបរិស្ថានក្នុងទីក្រុងឱ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពរឹងមាំថតថេរជានិរន្តរ៍។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានសម្តែងការអបអរសាទរ ចំពោះវឌ្ឍនភាព នៃការសាងសង់ផ្សារទំនើបអ៉ីអនម៉ល គំរូទី៣ របស់ក្រុមហ៊ុនអ៉ីអនម៉ល ខូអិលធីឌី ដែលបានដំណើរការជាតិប្រក្រតី និងសម្រេចបានតាមផែនការដែលបានគ្រោងទុក ទោះបីក្រៅពីបើកការដ្ឋានជាពិសេសនៅឆ្នាំ២០២១កន្លងទៅ ប្រទេសកម្ពុជានិយាយជារួម និងនិយាយដោយឡែក រាជធានីភ្នំពេញ ក្រៅប្រឈមនឹងវិបត្តិជាសកលបង្ករឡើងដោយជំងឺកូវីដ-១៩ យ៉ាងណាក្ដី។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា ផ្សារទំនើប អ៉ីអន ម៉ល មានជ័យ នឹងក្លាយជាផ្សារធំជាងគេនៅអាស៊ី ក្រោយពេលសាងសង់រួច បើកឱ្យណើរការ ហើយតាមរយៈផ្សារទំនើបនេះ នឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង ពិសេសធ្វើឱ្យផ្លាស់ប្តូរសេដ្ឋកិច្ចជាតិ នៃប្រទេសទាំង២ កម្ពុជា-ជប៉ុន កាន់តែប្រសើរឡើង៕