(តាកែវ)៖ គណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព (IWPG) ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅស្រុកបាទី ខេត្តតាកែវ រៀបចំយុទ្ធនាផ្សព្វផ្សាយពី «សារសំខាន់នៃការអប់រំសន្តិភាព» ដើម្បីចូលរួមជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
កម្មវិធីនេះដែររៀបចំឡើងក្នុងគោលបំណងចង់ឲ្យយុវជនជំនាន់ក្រោយ បានចូលរួមទទួលបានការយល់ដឹងពីសារសំខាន់នៃសន្តិភាព និងច្បាប់និងបានអនុវត្តជាប្រចាំ ឲ្យសមជាប្រជាជនរស់នៅស្របច្បាប់ និងជួយគ្រួសារបានរីកចម្រើន ជួយសង្គមជាតិ ឆ្លើយតបគោលដៅទី១ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព និងយុទ្ធសាស្ត្រនៃការប្រឹប្រែងរបស់សម្តេច ដែលបានតស៊ូយ៉ាងហត់នឿយណាស់ ជាង៤០ឆ្នាំនេះជូនប្រជាជនកម្ពុជា និងជូនជាតិមាតុភូមិ។
លើកឡើងនាឱកាសនោះលោកស្រី ហូយ សុជីវណ្ណី ប្រធានគណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព IWPG ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្រោយការបញ្ចប់សង្គ្រាមនៅចុងទស្សវត្សឆ្នាំ៨០ និងជាភ័ព្វសំណាងក្រោយការឯកភាព បង្រួបបង្រួមជាតិ ដែលកើតចេញពីនយោបាយឈ្នះៗ រយៈពេលជិត២៤ឆ្នាំមកនេះ គ្រួសារខ្មែរ បានដើរចេញពីភាពសោកសង្រេង និរាសព្រាត់ប្រាស់ ពិការភាព ការបាត់បង់អាយុជីវិតរបស់កូនចៅ ដែលជាសមាជិកគ្រួសារនៃប្រជាជន និងយុទ្ធជនក្នុងតំបន់សង្គ្រាម។
លោកស្រី បានឱ្យដឹងទៀតថា រហូតមកដល់បច្ចុប្បន្ននេះ អ្វីដែលជាបញ្ហាចោទចំពោះមុខនៃគ្រួសារមួយចំនួនគឺ កើតចេញពីអំពើហិង្សាក្នុងគ្រួសារ សកម្មភាពហិង្សានានា ជាមួយអ្នកជិតខាងដែលកើតជាជម្លោះ ពីម្នាក់ទៅម្នាក់ ពីក្រុមមួយទៅក្រុមមួយទៀត ហើយក៍មានយុវជនមួយចំនួនដែលតែងតែបង្កើតអំពើហិង្សាក្នុងសហគមន៍ សាលារៀន និងនៅតាមទីធ្លាសាធារណ:ផងដែរ។
លោកស្រី ហូយ សុជីវណ្ណី បានបន្ថែមថា យុទ្ធនាការនេះក៏ដើម្បីឲ្យប្រជាជន យុវជន យុវនារី «រួមគ្នាតែមួយ» ជាមួយក្រុមអ្នកម្តាយ លោកឪពុក បញ្ឈប់ជម្លោះដោយអាវុធ ដោយអំពើហិង្សាក្នុងគ្រួសារ ដោយហិង្សានានាៗ ជាមួយអ្នកជិតខាង ឈប់ហិង្សាជាមួយយុវជនដូចគ្នា ជាមួយអ្នកមានគុណ ជាមួយចាស់ព្រឹទ្ធាចារ្យ ឈប់ប្រព្រឹត្តនូវជម្លោះពីម្នាក់ទៅម្នាក់ ពីក្រុមមួយទៅមួយក្រុមទៀត ក្នុងសហគមន៍ ក្នុងសាលា និងនៅទីសាធារណៈផងដែរ។
ជាមួយគ្នានោះដែរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏បានចាត់ទុកថា យុទ្ធនាការផ្សព្វផ្សាយ «ពីសារសំខាន់នៃការអប់រំសន្ដិភាព» ជាយុទ្ធនាការដែលមានសារសំខាន់ក្នុងការជួយការកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសការអប់រំល្អ សម្រាប់គ្រួសារកំពុងស្ថិតក្នុងស្ថានភាពក្រីក្រ និងការក្រើនរំលឹក គ្រួសារ មនុស្សទូទៅនានា បន្តរួមគ្នាថែរក្សាតម្លៃសន្តិភាពបន្តទៅមុខទៀតផងដែរ៕