(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២នេះ បានដំណើរការប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ បម្រើការងារនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលយុវនីតិសម្បទា និងពន្ធនាគាររាជធានីភ្នំពេញ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា ជា ស៊ីម សន្ធរម៉ុក ដែលមានបេក្ខជនចូលប្រលងជាង១,២០០នាក់ ប៉ុន្ដែត្រូវជ្រើសរើសយក ចំនួន១៧៦នាក់ប៉ុណ្ណោះ។

ការប្រឡងនេះធ្វើឡើង ក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងដោយ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការកណ្តាលរៀបចំការប្រឡង, លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានមណ្ឌលប្រលង និងលោក អ៊ួង ចន្ធី អគ្គនាយករង និងជាប្រធាននាយកដ្ឋានបុគ្គលិក អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ រួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការប្រលងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ គឺដើម្បីយកទៅបម្រើការងារ នៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលយុវនីតិសម្បទា និងពន្ធនាគារ រាជធានីភ្នំពេញ ដែលមានបេក្ខជនប្រលងចំនួន១,២២៧នាក់ ជ្រើសរើសយកចំនួន១៧៦នាក់។

ក្នុងនោះ សម្រាប់ការប្រលងយកទៅបម្រើការងារ នៅមណ្ឌលអប់រំកែប្រែទី១ មានបេក្ខជន ចំនួន៣៨៨នាក់ ស្រី១២៨នាក់ ជ្រើសរើសយកចំនួន៣០នាក់ ស្រី៥នាក់, មណ្ឌលយុវនីតិសម្បទា មានបេក្ខជន ចំនួន៧០២នាក់ ស្រី២៧៨នាក់ ជ្រើសរើសយក ចំនួន១១០នាក់ ស្រី១១នាក់, ពន្ធនាគាររាជធានីភ្នំពេញ មានបេក្ខជនចំនួន១៣៧នាក់ ស្រី២៥នាក់ ជ្រើសរើសយកចំនួន៣៦នាក់ ស្រី២នាក់។

ចំពោះការប្រលងនេះ បេក្ខជនត្រូវបានអនុវត្ត គឺមិនត្រូវលួចចម្លង ឬមានបំណងលួចចម្លង, មិនត្រូវពិភាក្សា ឬចម្លងគ្នា, មិនត្រូវយកអាវុធជាតិផ្ទុះ ចូលក្នុងមណ្ឌលប្រឡង, ហាមយកតាម និងប្រើប្រាស់ទូរស័ព្ទ វិទ្យុទាក់ទង គ្រប់ប្រភេទ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទដែលអាចផ្ទុកឯកសារបាន ចូលក្នុងបន្ទប់ប្រឡង។

ក្នុងករណីមេប្រយោគ ឬអនុរក្សឆែករកឃើញ បេក្ខជននឹងត្រូវបណ្ដេញចេញពីបន្ទប់ប្រឡង។ មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរកិច្ចការជំនួសនៅលើសន្លឹកកិច្ចការរបស់ខ្លួន, មិនត្រូវគូសសញ្ញាសំគាល់ នៅលើសន្លឹកកិច្ចការ, មិនត្រូវធ្វើសកម្មភាពណាដែលនាំឲ្យចលាចលក្នុងមណ្ឌលប្រឡង, ហាមដាច់ខាតចំពោះការសេពគ្រឿងស្រវឹង និងជក់បារី នៅក្នុងបរិវេណមណ្ឌលប្រឡង។

រាល់ការប្រព្រឹត្តល្មើស នឹងបទប្បញ្ញត្តិខាងលើ បេក្ខជនត្រូវប្រឈមនឹងការបញ្ឈប់មិនឲ្យប្រឡង ហើយសន្លឹកកិច្ចការរបស់បេក្ខជននោះ នឹងត្រូវបានពិន្ទុសូន្យ និងទទួលកម្រិតវិន័យផ្សេងៗទៀត ដែលត្រូវបានកំណត់ ដោយគណៈកម្មការកណ្ដាលរៀបចំការប្រឡង៕