(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ក្នុងដំណើរការចុះឈ្មោះឆ្នោតឆ្នាំ២០២២នេះ ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោតហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋដែលមានអាយុគ្រប់១៨ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅដ្ឋាន ឬទីសំណាក់ក្នុងឃុំ-សង្កាត់ថ្មី សូមអញ្ជើញបងប្អូនទៅចុះឈ្មោះបោះឆ្នោត តាមប្រតិទិន របស់ក្រុមចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត។

តាមរយៈសារអំពាវនាវ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ឆ្នាំ២០២១ សូមអញ្ជើញទៅពិនិត្យឈ្មោះ របស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់ និងនៅតាមទីប្រជុំជនមួយចំនួនក្នុងឃុំ-សង្កាត់។

លោក ប្រាជ្ញ ចន្ទ ក៏បានណែនាំដល់ប្រជាពលរដ្ឋអាចពិនិត្យបញ្ជីឈ្មោះតាមគេហទំព័រ Voterlist.nec.gov.kh ឬកម្មវិធីទូរស័ព្ទដៃ​ App: NEC KH ដើម្បីឱ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។

បន្ថែមពីនេះ ប្រធាន គ.ជ.ប បានឱ្យដឹងថា ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់បងប្អូនប្រជាពលរដ្ឋ ពុំត្រឹមត្រូវ សូមស្នើសុំទៅក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវទៅតាមឯកសារសំអាងច្បាស់លាស់៕