(កំពង់ស្ពឺ)៖ ក្នុងពេលកាត់វិញ្ញាសានៃការប្រឡងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំអង្គភាពជំនាញ និងអនុរក្សប្រឡង ដោយណែនាំឲ្យមានការយកចិត្តដាក់ចំពោះក្មួយៗបេក្ខជន បេក្ខនារីលើបញ្ហាអនាម័យ បញ្ជៀសឲ្យបានការឆ្លងមេរោគកូវីដ-១៩ ក្នុងមណ្ឌលប្រឡង នៃវិទ្យាល័យកំពង់ស្ពឺរបស់យើង។

លោក វ៉ី សំណាង បានក្រើនរំលឹកចំពោះបេក្ខភាព ដែលមានមុខប្រឡងនាព្រឹកនេះថា បើចង់ប្រឡងជាប់ចូលបម្រើការក្របខណ្ឌ គឺមានតែការប្រឹងប្រែងរៀនសូត្រ យកចិត្តទុកដាក់លើមេរៀន និងឆ្លើយឲ្យត្រូវនៃសំនួររបស់វិញ្ញាសានោះហើយ ដែលជាតម្រូវការក្នុងការប្រឡងក្របខណ្ឌនេះ ។

លោកអភិបាលខេត្ត បានបន្តថា ក្រោយពីបានជាប់ក្របខណ្ឌហើយ ក្មួយៗត្រូវយកចិត្តទុកខ្ពស់លើការងារអង្គភាព ត្រូវបម្រើប្រជាពលរដ្ឋឲ្យពួកជឿជាក់លើយើងជាមន្ត្រី មិនត្រូវឲ្យមានការថ្នាំងថ្នាក់ចិត្តរបស់គាត់ឡើយ ។

គូសបញ្ជាក់ថា នៅខេត្តកំពង់ស្ពឺ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៨៧នាក់ ក្នុងនោះមានបេក្ខនារីចំនួន ៦៥នាក់៕