(ភ្នំពេញ)៖ ជនសង្ស័យម្នាក់បានប៉ុនប៉ងចូលទៅធ្វើសកម្មភាពឆ្កឹះទ្វារបង្អួចដើម្បីលួចទ្រព្យសម្បត្តិផ្សេងៗ តែមិនបានសម្រេច ត្រូវជនរងគ្រោះឃើញទាន់ស្រែកផ្អើល ឆោរឡោដល់កម្លាំងសមត្ថកិច្ច​មូលដ្ឋានខណ្ឌឫស្សីកែវ ដែលកំពុងល្បាតចាប់ក្របួចវាយខ្នោះភ្លាមៗដើម្បីសួរនាំ។

ករណីខាងលើបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៦ នៅត្រង់ចំណុចផ្ទះលេខ១៤៦j ផ្លូវលំ ក្រុមទី៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកនគរបាលយុត្តិធម៌ខណ្ឌ ឫស្សីកែវ បានប្រាប់ថា ជនត្រូវជាប់សង្ស័យជាចោរលួច ឈ្មោះ សុខ សំណាង អាយុ៣៩ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់គីឡូ​ម៉ែត្រ​លេខ៦ ខណ្ឌឫ ស្សីកែវ ។ រីឯជនរងគ្រោះឈ្មោះ ខែម វាសនា ហៅក្រឹម ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅចំណុច កើតហេតុខាងលើ ។
 
លោក ម៉ៅ ចាន់ថុន បានប្រាប់ទៀតថា ដោយយោងតាម ពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងចម្លើយសារភាពរបស់ជនត្រូវសង្ស័យ នៅមុនពេលកើតហេតុ ជនត្រូវសង្ស័យបាន ឡើងទៅផ្ទះជន​រងគ្រោះក្នុង​ជាន់ទី១រួចធ្វើសកម្មភាពឆ្កឹះបើកបង្អួចបំណងលួចទ្រព្យសម្បត្តិ ខណៈនោះជនត្រូវសង្ស័យពុំ ទាន់លួចបានសម្ភារឫទ្រព្យសម្បត្តិផ្សេងៗផង ស្រាប់តែត្រូវ ជនរងគ្រោះឃើញទាន់ស្រែក​ផ្អើលអ្នកភូមិនិង​កម្លាំង​សមត្ថកិច្ចដែលកំពុងល្បាតក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវបានមកអន្តរាគមន៍ដេញឃាត់ក្របួចជាប់វាយខ្នោះភ្លាមៗតែម្ដង ។

លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ថា បច្ចុប្បន្ន ជនត្រូវសង្ស័យ ជាចោរលួច ត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមនិតិវិធី របស់អយ្យការ​សាលាដំបូងរាជធានីភ្នំពេញ។