(បាត់ដំបង)៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានចុះពិនិត្យចំណី ម្ហូបអាហារតាមតូបលក់ទំនិញនានា ក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប នៅក្នុងខេត្ដ ជាលទ្ធផល គឺពុំបានរកឃើញសារធាតុគីមីហាមឃាត់នោះទេ ។

លោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានឲ្យដឹងថា យោងតាមការណែនាំរបស់លោក សុខ លូ អភិបាលខេត្តបាត់
ដំបង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ក្រុមការងាររថយន្តមន្ទីរពិសោធន៍ចល័ត បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរបានចុះត្រួតពិនិត្យត្រួតពិនិត្យចំណី ម្ហូបអាហារនៅតាមស្ដង់លក់ទំនិញ ដែលធ្វើការលក់ នាឱកាសបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង នាពេលនេះ គឺដើម្បីធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកំសាន្ត ក្នុងការពិសារដោយមិនមានការព្រួយបារម្ភ ពីសារធាតុគីមី ឬពុល ដែលមាននៅក្នុងចំណីអាហារដាក់លក់ទាំងអស់នោះ។

លោក ហាក់ សុខរិន បានបញ្ជាក់ថា ការពិនិត្យចំណី ម្ហូបអាហារតាមតូបលក់ទំនិញនានានេះដែរ ក្រុមការងាររថយន្តមន្ទីរពិសោធន៍ចល័ត បានត្រួតពិនិត្យមើលមាន ណែមសាច់ត្រី គ្រឿងសមុទ្រ សរសៃគុយទាវ (ទាំងសរសៃតូច និងសរសៃធំ) មី ប្រហិតចម្រុះចំនួន១៩គំរូ ជាលទ្ធផលគឺពុំបានរកឃើញសារធាតុគីមីហាមឃាត់នោះទេ ។

លោកប្រធានសាខា បានអំពាវនាដល់បងប្អូនអាជីវករលក់ចំណីអាហារទាំងអស់ សូមកុំលក់ចំណីអាហារណាដែលមានដាក់សារធាតុគីមីឲ្យសោះ គឺហាមដាច់ខាត ព្រោះវាធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ទូទៅ កុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនគឺបានបំផ្លាញសុខភាពអ្នកដ៏ទៃនោះឡើយ។

លោកបន្តថា បច្ចុប្បន្នអាជីវករ អ្នកលក់ដូរចំណីអាហារទូទៅ មានការយល់ដឹងច្រើនផ្នែកច្បាប់ពាក់ព័ន្ធនឹងបញ្ហាសុខភាពសាធារណៈ តាមរយ:ការផ្សព្វផ្សាយរបស់ក.ប.ប គ្រប់ទីកន្លែងជាប្រចាំផងដែរ៕