(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ស្អែកនេះហើយ។

ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅសុខសប្បាយនោះ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំខេត្ត បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខសប្បាយ តាមបែបប្រពៃណីសាសនា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកកម្សាន្តសប្បាយ។

ពិធីខាងលើនេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពី
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ។ លោកអភិបាលខេត្ត បានលើទឹកចិត្តដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ឲ្យបង្កើនការខិតខំយកចិត្តទុកដាក់លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងចូលរួមសំអាតអនាម័យបរិស្ថាន និងតុបតែងលម្អ ឲ្យមានសោភ័ណភាពស្រស់បំព្រងក្នុងក្រុងកំពង់ចាម ធ្វើយ៉ាងណាបង្កើតបរិយាកាស ឲ្យមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវអន្តរជាតិផងដែរ។

សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក «ង» និងទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ នៅក្នុងកំពង់ចាម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព ដែលនិងប្រព្រឹត្តទៅ នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុជកាំជ្រួច។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏នឹងរៀបចំការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយ ផលិតផលមួយ និងការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២ ផងដែរ៕