(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង រួមជាមួយក្រុមមន្រ្តីបច្ចេកទេស ចុះពិនិត្យលទ្ធភាពក្នុងការរំដោះទឹកពីស្ទឹងព្រែកត្នោត ដេីម្បីបង្ហូរទម្លាក់ចូលទៅក្នុងទន្លេ តាមរយៈប្រឡាយ ៩៤ និង៩៦ នៅក្នុងភូមិសាស្រ្តសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងបេសកកម្មនោះ លោករដ្ឋមន្ដ្រី លឹម គានហោ ក៏បានបន្តពិនិត្យស្ថានភាពទឹកតាមខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត ដែលបច្ចុប្បន្ននៅពុំទាន់មានអ្វីជាការព្រួយបារម្ភខ្លាំងក្លានៅឡើយទេ។ ក្នុងនោះលោករដ្ឋមន្ត្រី បានណែនាំបន្ថែមដល់ប្រធានមុខព្រួញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៦៖០០នាទីព្រឹក៖

* កម្ពស់ទឹកខាងមុខទ្វារ ៥.០៥ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយ័ត្ន៥.៣០ម៉ែត្រ)
* កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០.២៥ម៉ែត្រ
* កម្ពស់ទឹកខាងក្រោយទ្វារ៧.២០ម៉ែត្រ ជាកម្ពស់មួួយដែលត្រូវធ្វើការត្រៀមលក្ខណៈ និងតាមដានខ្ពស់ព្រោះស្ថានភាពទឹកនៅបន្តកេីនឡេីង៕