(ពោធិ៍សាត់)៖ លោកសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរចំណុះសាលាខេត្ត នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានចុះជួបសំណេះសំណាល ជាមួយមន្រ្តីបុគ្គលិកសុខាភិបាល ដែលកំពុងបំរើការនៅមន្ទីរពេទ្យបង្អែក ភ្នំក្រវ៉ាញ និងមណ្ឌលសុខភាពសំរោង ព្រមទាំងសួរសុខទុក្ខ ដល់បងប្អូនជាអ្នកជំងឺសំរាកពេទ្យ នៅទីនោះផងដែរ។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានពាំនាំនូវការសួរសុខទុក្ខ និងការកោតសរសើររបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនមន្រ្តីបុគ្គលិកសុខាភិបាល ព្រមទាំងអាជ្ញាធរខេត្ត ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបំរើសេវាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងវិជ្ជាជីវៈ។

ក្នុងឱកាសនេះផងដែរ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានចុះជួបសួរសុខទុក្ខផ្ទាល់ ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងសំរាកពេទ្យ និងក្រើនរំលឹកឲ្យពួកគាត់ ចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ឲ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់រាជរដ្ឋាភិបាល។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនជាមន្រ្តីបុគ្គលិកសុខាភិបាល និងអាជ្ញាធរមូលដ្ឋានទាំងអស់ ព្រមទាំងសំណូមពរ ឲ្យពួកគាត់បន្តនូវសកម្មភាពដ៏ប្រពៃ និងគួរជាទីគោរពនេះបន្តទៀត ដើម្បីធ្វើយ៉ាងណាឲ្យសេវាសុខាភិបាលប្រកបដោយប្រសឹទ្ធភាព កាន់តែខិតជិតប្រជាពលរដ្ឋ និងអាចរកបានគ្រប់ពេលប្រជាពលរដ្ឋត្រូវការ៕