(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញលទ្ធផលកិច្ច នៃប្រជុំតុមូលរដ្ឋមន្ត្រីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លើកទី១៩  និងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅក្នុងសង្គម លើកទី១៩។

លទ្ធផលនៃកិច្ចប្រជុំទាំងអស់នោះរួមមាន៖
ទី១- នៅក្នុងទីក្រុងក្យូតូ កាលពីពេលថ្មីៗនេះ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំតុមូលរដ្ឋមន្ត្រីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លើកទី១៩ និងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅក្នុងសង្គមលើកទី ១៩ (ដែលមានលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនជាប្រធានកិត្តិយស) បានប្រពឹត្តទៅចាប់ពីថ្ងៃទី២-៤ ខែតុលា ឆ្នាំ២០២២ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់លោក ហ្វុយមីអូ គីស្សីដា នាយករដ្ឋមន្រ្តីជប៉ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នករៀបចំគោលនយោបាយ ធុរជន និងអង្គការនានាក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទាំងក្នុងតំបន់ និងអន្តរជាតិប្រមាណ ១០០០រូប មកពី ៨០ប្រទេសលើសកលលោក។

ទី២- កិច្ចប្រជុំតុមូលរដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានប្រព្រឹត្តទៅក្រោមប្រធានបទពីរ៖ ១-ការស្រាវជ្រាវ តាមបេសកកម្ម និង ២-វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសង្គមក្រោយកូវីដ-១៩។ ក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី បានរំលេចនូវសក្តានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការស្រាវជ្រាវនិងអភិវឌ្ឍន៍តាមបេសកកម្ម។

ទី៣- លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានគាំទ្រកិច្ចផ្តួចផ្តើមការបើកចំហវិទ្យាសាស្រ្ត (Open Science) ដើម្បីអាចឱ្យគ្រប់គ្នា គ្រប់ប្រទេស អាចទទួលបានចំណេះដឹង ឧទាហរណ៍៖ ការស្រាវជ្រាវលើស៊ីរ៉ាស៊ូ (SHIRASU) ដែលចេញពីកម្អែលផេះបន្ទុះភ្នំភ្លើងដើម្បីប្រើប្រាស់ក្នុងវិស័យទឹកស្អាតជាដើម និងបានស្នើសុំកិច្ចប្រជុំ ជាពិសេសប្រទេសជប៉ុន ពិនិត្យលទ្ធភាពចែករំលែកបច្ចេកវិទ្យានេះសម្រាប់ផលិត ទឹកស្អាតដើម្បីទាំងអស់គ្នា។

ទី៤- កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅក្នុងសង្គម ក៏បានពិភាក្សាលើប្រធានបទផ្សេងៗទៀត រួមមាន៖ តើយើងត្រូវការអ្វីខ្លះពីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា? កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិស្វកម្មនវានុវត្តន៍ សង្គមឌីជីថល ថាមពល បម្រែបម្រួលអាកាសធាតុ ភពផែនដីនិងមនុស្សនិងវិទ្យាសាស្ត្រនៃជីវិតផងដែរ៕