(បន្ទាយមានជ័យ)៖ នាឱកាសនៃបេសកកម្មចុះសំណេះសំណាល និងចែកអាវរងាជូនកងទ័ពនៅតាមបណ្តាកងពលប្រចាំទិសនានាចំណុះយោធភូមិភាគទី៥ លោក ហ៊ុន ម៉ានី បាននាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលកំពុងជាប់បំពេញបេសកកម្មក្រៅប្រទេស ជូនទៅដល់កងកម្លាំងគ្រប់រូបដែលបានលះបង់កម្លាំងកាយ ចិត្ត ក្នុងការបំពេញភារកិច្ចប្រចាំនៅភូមិសាស្រ្តទួលខុសត្រូវរបស់ខ្លួនបានល្អប្រសើរ។

លោកបានបន្ថែមទៀតថា ទាំងសម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត តែងតែណែនាំដល់លោក និងសមាជិកក្រុមគ្រួសារអំពីគុណតម្លៃ និងភាពអង់អាចក្លាហានកងទ័ព និងបានផ្តលឱកាសក្នុងការហ្វឹកហាត់លុតដំសមត្ថភាព និងស្វែងយល់ពីស្មារតី ឆន្ទៈ របស់នាយទាហាន ពលទាហាននៅតាមខ្សែបន្ទាត់ព្រំដែន ការពារទឹកដី និងប្រជាជន។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកក៏បានគូសបញ្ជាក់ថា កងទ័ពមិនត្រឹមតែបំពេញតួនាទី ក្នុងវិស័យការពារជាតិតែប៉ុណ្ណោះទេ តែក៏បានចូលរួមការងារសង្រ្គោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ជាពិសេសក្នុងកាលៈទេសៈដែលក្នុងភូមិសាស្រ្តកំពុងប្រុងជើងការចំពោះគ្រោះទឹកជំនន់ផងដែរ។

លោក ហ៊ុន ម៉ានី ក៏សូមអបអរសាទរ និងកោតសរសើរចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់កងពលតូចអន្តរាគមន៍លេខ១៤ ក្នុងការការពារបូរណភាពដែនដី ការពាររដ្ឋធម្មនុញ្ញ ការពារលទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោត ឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។

ទន្ទឹមនឹងនេះ ក្នុងដំណើរបេសកម្មមកជួបកងកម្លាំងគ្រប់ប្រភេទប្រចាំយោធភូមិភាគទី៥ លោក ហ៊ុន ម៉ានី បានធ្វើការបញ្ជាក់ក្នុងគ្រប់ពិធីជូនដល់មេបញ្ជាការ និងកងកម្លាំង ចំពោះការបេ្តជ្ញាគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅអាណត្តិបន្ទាប់ និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន នាពេលអនាគត។

សូមបញ្ជាក់ថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ឲ្យលោក ហ៊ុន ម៉ានី ចុះជួបសំណេះសំណាល និងប្រគល់អាវរងាចែកជូនដល់កងកម្លាំងគ្រប់ប្រភេទប្រចាំយោធភូមិភាគទី៥ នៅតាមបញ្ជាការដ្ឋានទិសទាំង៣។ ក្នុងនោះលោកក៏បាននាំយកមកជាមួយបន្ថែមនូវស្បៀងអាហារ និងសម្ភារៈមួយចំនួនផងដែរ៕