(ក្រុងក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់អូរឫស្សី ក្រុងក្រចេះ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានជាម្ចាស់ឆ្នោត។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះជួយក្រុងក្រចេះ និងសង្កាត់ទាំង៥ ប្រធានគណបក្សស្រុក ប្រធានគណបក្សសង្កាត់ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ មន្រ្តីអាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋតាមខ្នងផ្ទះនៃសង្កាត់អូរឫស្សី សរុបមានអ្នកចូលរួមប្រមាណជា ១២០០នាក់។
បន្ទាប់ពីពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការគណបក្សសង្កាត់អូរឫស្សី និងការធ្វើរបាយការណ៍សង្ខេបរបស់លោក សេក ប៊ុនហេង ប្រធានគណៈកម្មាធិការបក្សក្រុងក្រចេះ ពីវឌ្ឍនភាពការងារមូលដ្ឋាន រួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណដោយស្មោះស្ម័គ្របំផុត ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅក្នុងសង្កាត់ទំាង៥ នៃក្រុងក្រចេះ ក៏ដូចជាស្រុកទាំង៥នៃខេត្តក្រចេះ រួមជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក។
ជោគជ័យធំធេងដ៏ល្អប្រសើរនេះ បានគូសបញ្ជាក់សាជាថ្មីម្តងទៀតពីជំនឿជឿជាក់យ៉ាងរឹងមាំរបស់ប្រជាជនកម្ពុជាចំពោះការដឹកនាំដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខក្នុងការពុះពារសម្រេចបេសកកម្មជាប្រវត្តិសាស្ត្រការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ សម្រាប់អនាគតរុងរឿងរបស់ប្រជាជនគ្រប់ជំនាន់។
លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យពូនជុំ្រជំនឿរឹងមាំនេះ ដោយបេះដូងស្រលាញ់ជឿជាក់បន្តទៀត ហើយចូលរួមយ៉ាងសស្រាក់សស្រាំគាំទ្រគោលនយោបាយ និងចលនាសកម្មភាពរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាក្នុងការគ្រប់គ្រង ប្រយុទ្ធឈ្នះកូវីដ១៩ដែលអនុញ្ញាតឱ្យយើងបានបើកសេដ្ឋកិច្ច សង្គមជាតិមកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ និងក្នុងការតស៊ូជំនះដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយជាវិបត្តិសកល បង្កដោយការប្រែប្រួលអាកាសធាតុ និងសង្រ្គាមក្នុងស្ថានភាពប្រែប្រួលមិនប្រក្រតីរបស់ពិភពលោកនាពេលបច្ចុប្បន្ន។
ដើម្បីអរគុណតបស្នងក្តីស្រឡាញ់និងជំនឿរបស់ប្រជាជន ក្រុមការងារនិងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពុះពារបំពេញសម្រេចឱ្យបានល្អនូវភារកិច្ចនយោបាយរបស់ខ្លួនតាមគ្រប់មុខសញ្ញា គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយចំពោះមុខត្រូវចុះជាប់មូលដ្ឋានផ្សារភ្ជាប់ជាមួយប្រជាជន ជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបង្ក្រាបអំពើជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសបំពានច្បាប់ដទៃទៀតដែលកំពុងតែមានក្នុងភូមិឃុំសង្កាត់ សំដៅពង្រឹងសុខសុវត្ថិភាពសហគមន៍មូលដ្ឋាន ដែលជាចំណែកសំខាន់ដល់ការថែរក្សាសុខសន្តិភាពសង្គមជាតិ។
លោករដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះ ក៏បានផ្តាំផ្ញើដល់អង្គពិធីទាំងមូល សូមប្រើប្រាស់អគារស្នាក់ការគណបក្សសង្កាត់អូរឫស្សីនេះ ដើម្បីជាគុណប្រយោជន៍នៃការពូនផ្តុំសាមគ្គីភាពស្អិតល្មួតរវាងមន្រ្តីគណបក្សជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់ សំដៅពង្រឹងពង្រីកប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្តើមជ័យជំនះ សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខទៀត៕