(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូត្រលប់មកកម្ពុជាប្រកបដោយសុវត្ថិភាព នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៩ នៅទីក្រុង Banda Seri Begawan ប្រទេសប្រ៊ុយណេ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺ ថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២២ ដែលសមាគមជាតិអឌ្ឍចន្ទក្រហមប្រ៊ុយណេ ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំនេះ។

ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ អនុវត្តតាមការចាត់តាំងរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក Sheikh Abdul Kadir Abdullah អគ្គលេខាធិការសមាគមជាតិអឌ្ឍចន្ទក្រហមប្រ៊ុយណេ និងអញ្ជើញជាភ្ញៀវកិត្តិយសពីលោកស្រី Kathryn Clarkson ប្រធានសម្របសម្រួលប្រតិភូកម្រងប្រទេស តំណាងសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ប្រចាំទីក្រុងបាងកក និងលោក Alexandra Matheou នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលោក Omar Odeh ប្រធានប្រតិភូប្រចាំភូមិភាគ តំណាងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងយុវជននៃសមាគមជាតិប្រចាំភូមិភាគអាស៊ី-អាគ្នេយ៍ទាំង ១១សមាគមជាតិ សរុបចំនួន ៦៩នាក់។

លោកស្រី ម៉ែន នារីសោភ័គ ត្រូវបានជ្រើសរើសធ្វើជាប្រធានដឹកនាំកិច្ចពិភាក្សាលើរបៀបវារៈស្តីពី វឌ្ឍនភាពនៃការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងបាងកក ដែលជាលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៨ ឆ្នាំ២០២១ ក្នុងសម័យប្រជុំទីថ្ងៃទី១។

លោកស្រីអគ្គលេខាធិការរងទី១ ក៏បានចែករំលែកនូវបទពិសោធន៍របស់កាកបាទក្រហមកម្ពុជា តាមរយៈការបង្ហាញនូវវីដេអូខ្លីមួយស្ដីពី «ការត្រៀមបង្ការ និងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត» ដែលឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់កាកបាទក្រហមកម្ពុជា ក្នុងការងារសុខភាពក្នុងគ្រាអាសន្ន ជូនដល់គណៈប្រតិភូនៃអង្គប្រជុំផងដែរ។

ចំណែកលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានថ្លែងពាក់ពន្ធ័ទៅនឹងសំណួររបស់សហព័ន្ធអន្តរជាតិចំពោះសមាគមជាតិ ស្តីពីការធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគមជាតិ តាមសេចក្តីសម្រេចរបស់មហាសន្និបាតសហព័ន្ធអន្តរជាតិលើកទី២២ ឆ្នាំ២០១៩ថា ក្រុមការងារបច្ចេកទេស ដែលបាននិងកំពុងផ្ទៀងផ្ទាត់មាត្រានានាដែលត្រូវធ្វើវិសោធនកម្ម ហើយនៅពេលដែលក្រុមការងារពិនិត្យផ្ទៀងផ្ទាត់ចប់ពេលណា នឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចដោយមហាសន្និបាតរបស់សមាគមជាតិក្នុងពេលខាងមុខ។

ចំពោះប្រជុំថ្ងៃទី២បានផ្ដោតលើចំណុចសំខាន់ៗដូចជា៖
១៖ ការចូលរួមរបស់សមាគមជាតិភូមិភាគអាស៊ី-អាគ្នេយ៍ នៅក្នុងជួរគណៈអភិបាលរបស់សហព័ន្ធអន្តរជាតិ។
២៖ កិច្ចពិភាក្សាលើចក្ខុវិស័យនៃការងារវិជ្ជាសង្គ្រោះបឋមនៅឆ្នាំ២០៣០។
៣៖ វឌ្ឍនភាពនៃបណ្តាញការងារសមាគមជាតិភូមិភាគអាស៊ី-អាគ្នេយ៍ ការងារយុវជន និងការងារអេដស៍នៅអាស៊ី។
៤៖ ការបង្ហាញពីលទ្ធផលនៃការអនុវត្តសេចក្តីប្រកាសទីក្រុងម៉ានីល ដែលមានការប្តេជ្ញាចិត្តចំនួន២២ និងគោលដៅចំនួន១៣ រួមជាមួយដំណើរការរៀបចំសន្និសីទសមាគមជាតិតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆមាសទី៣ ឆ្នាំ២០២៣ខាងមុខ ហើយដែលសមាគមជាតិនៅអាស៊ី-អាគ្នេយ៍ បានគាំទ្របេក្ខភាព កាកបាទក្រហមវៀតណាម ដែលស្នើសុំទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទនេះ។
៥៖ កម្មវិធីប្រគល់ជូនកាកបាទក្រហមកម្ពុជា នូវសេចក្តីថ្លែងការណ៍ទីក្រុង Banda Seri Begawan និងផ្ទេរភារកិច្ចជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី២០ និងវេទិកាយុវជនអាស៊ី-អាគ្នេយ៍ លើកទី២ នៅឆ្នាំ២០២៣។

លោកស្រីអគ្គលេខាធិការរងទី១ និងលោកអគ្គលេខាធិការរងទី២ បានលើកឡើងអំពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា ក្នុងការងារវិជ្ជាសង្គ្រោះបឋម ការគាំទ្រផ្នែកចិត្តសាស្ត្រសង្គម និងសុខភាពផ្លូវចិត្ត ដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្ត្រី អ្នកស្ម័គ្រចិត្ត យុវជន ព្រមទាំងសិស្សានុសិស្សនៅតាមសាលារៀន ព្រមទាំងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឈានទៅសម្រេចបាននូវគោលដៅ «យ៉ាងហោចណាស់ក្នុងផ្ទះមួយ មានសមាជិកគ្រួសារម្នាក់ចេះវិជ្ជាសង្គ្រោះបឋម»

លោកស្រីបានថ្លែងគាំទ្រទៅលើការផ្តួចផ្តើមរួមរបស់ កាកបាទក្រហមសិង្ហបុរី និងអឌ្ឍចន្ទក្រហមប្រ៊ុយណេ ចំពោះការបង្កើតមជ្ឈមណ្ឌលការងារសង្គ្រោះបឋម ហើយកាកបាទក្រហមកម្ពុជា កំពុងរៀបចំយន្តការការងារសង្គ្រោះបឋម ទៅតាមគោលនយោបាយរបស់សហព័ន្ធអន្តរជាតិ និងសូមស្វាគមន៍ក្រុមជំនាញវិជ្ជាសង្គ្រោះបឋមរបស់កាកបាទក្រហមសិង្ហបុរី ទៅបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមរបស់កាកបាទក្រហមកម្ពុជា។

លើសពីនោះនៅក្នុងបទបង្ហាញស្តីពីការងារអេដស៍នៅអាស៊ី លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងបញ្ជាក់អំពីស្ថានភាពអេដស៍នៅក្នុងអាស៊ី ដោយក្នុងនោះកម្ពុជា គឺកាកបាទក្រហមកម្ពុជា បានចូលរួមអនុវត្តផែនទីយុទ្ធសាស្ត្រឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។

ទន្ទឹមនឹងនោះលោកស្រីបានបង្ហាញពីផែនការជាក់លាក់ប្រចាំខែ រួមជាមួយកត្តាជោគជ័យមួយចំនួនរបស់កម្ពុជានោះគឺ ការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ, យន្តការច្បាស់លាស់របស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ និងក្រុមគោលដៅ, ការចូលរួមរបស់យុវជន និងការឧបត្ថម្ភគាំទ្រពីវិស័យឯកជនជាដើម។

ចំពោះរបៀបវារៈស្តីពីភាពធន់របស់សហគមន៍, កាកបាទក្រហមកម្ពុជា បានបង្ហាញពីវីដេអូខ្លីមួយស្តីពីការបង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ក្នុងការដោះស្រាយទីជម្រកដោយបានសាងសង់ផ្ទះ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់គ្រួសារអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ។

ដោយឡែកចំពោះ របៀបវារៈស្តីពីលទ្ធផលនៃការអនុវត្តសេចក្តីប្រកាសទីក្រុងម៉ានីល, កាកបាទក្រហមកម្ពុជា បានបង្ហាញនូវវីដេអូខ្លីមួយទៀតស្តីពី ការផ្តល់ប្រាក់កម្ចីខ្នាតតូច ជូនដល់ប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយសារមីន និងប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងតំបន់មីន ដែលនេះជាការឆ្លុះបញ្ចាំងអំពីការឈានទៅសម្រេចបានគោលដៅ មនុស្ស១០០លាននាក់ នៅតំបន់អាស៊ានមានភាពធន់ ក៏ដូចជាការអនុវត្តនូវគម្រោងផ្តល់ទឹកប្រាក់សម្រាប់ការរៀបចំកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ឱ្យមានជីវភាពប្រសើរឡើង។

ខ្សែវីដេអូខ្លីទាំងពីរនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់គណៈប្រតិភូនៃបណ្តាសមាគមជាតិដទៃទៀត ព្រោះវាបានបង្ហាញពីសកម្មភាពជាក់ស្តែងរបស់កាកបាទក្រហមកម្ពុជា ក្នុងប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ក្នុងការកសាងភាពធន់របស់សហគមន៍។

ជាចុងបញ្ចប់នៃអង្គប្រជុំ គឺកម្មវិធីផ្ទេរភារកិច្ចជាប្រធានដឹកនាំ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបន្ទាប់ ហើយដែលកាកបាទក្រហមកម្ពុជា បានត្រៀមខ្លួន និងស្វាគមន៍គណៈប្រតិភូទាំងអស់ សម្រាប់ការចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិភូមិភាគអាស៊ី-អាគ្នេយ៍លើកទី២០ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា៕