(កំពង់ធំ)៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងលោកស្រី រួមទាំងសប្បុរសជន បាននាំយកអង្ករចំនួន ៦តោនប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋកំពុងលិចលង់លំនៅឋានដោយសារតែជំនន់ទឹកភ្លៀង និងងាយរងគ្រោះក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ក្នុងពិធីប្រគល់អង្ករដែលធ្វើឡើងនៅថ្ងៃទី០៨ ខែតុលា លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះលោក ងួន រាសី សម្រាប់ការផ្តល់ជំនួយអង្ករ។ លោកបន្តថា កាយវិការនេះស្ដែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈ។ ជាពិសេសក្នុងកំលុងពេលប្រទេសជាតិ កំពុងជួបប្រទះគ្រោះភ័យដោយសារជំនន់ ទឹកភ្លៀង។

លោកអភិបាលខេត្តបានលើកឡើងថា សមានចិត្តដ៏ថ្លៃថ្លានេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងប្រជាជនកម្ពុជាទាំងអស់។

បើតាមលោកអភិបាលខេត្ត អង្ករជាអំណោយរបស់សប្បុរសជននេះ រដ្ឋបាលខេត្ត នឹងបែងចែកទៅតាមបណ្តាក្រុង ស្រុក យកទៅប្រើប្រាស់ដោះស្រាយការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ងួន រតនៈ បានលើកឡើងថា រាល់អំណោយរបស់សប្បុរសជនដែលប្រគល់ជូនមករដ្ឋបាលខេត្ត នឹងយកទៅបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះពិតប្រាកដ៕