(ភ្នំពេញ)៖ សន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ ដែលបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នៅក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី បានបិទបញ្ចប់ហើយ។ សន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ (WCCJ) ដែលធ្វើឡើង ក្រោមប្រធានបទ «យុត្តិធម៌ធម្មនុញ្ញ និងសន្តិភាព» បានប្តេជ្ញាប្រឹងប្រែង អនុវត្តគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស ដែលជាស្នូលនៃសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ក៏បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងសន្និសីទនេះផងដែរ។ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃទី០៨ ខែតុលា បន្ទាប់ពីសន្និសីទត្រូវបានបិទបញ្ចប់។

បើតាមក្រុមប្រឹក្សាធម្មនុញ្ញក្នុងសន្និសីទដែលមានអ្នកចូលរួមប្រមាណ ៥៨៣រូប មកពី៩៤ប្រទេស បានជជែកទៅលើប្រធានបទសំខាន់ៗចំនួន៤រួមមាន៖

១៖ ការអនុវត្តសមត្ថកិច្ចកាន់តែធំទូលាយរបស់តុលាការរធម្មនុញ្ញ រួមមានសមត្ថកិច្ចពាក់ព័ន្ធការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និងការដោះស្រាយវិវាទនៃការបោះឆ្នោត គឺជាការការចូលរួមចំណែកមួយដ៏ធំដល់សន្តិភាពសង្គម (Social Peace)។

២៖ ការការពារសិទ្ធិមនុស្ស គឺជាបុរេលក្ខខណ្ឌសម្រាប់ដំណោះស្រាយវិវាទ និងសន្តិភាព។ តុលាការធម្មនុញ្ញ តាមរយៈការការពារនូវសិទ្ធិជាមូលដ្ឋាន និងសេរីភាព បានរួមចំណែកក្នុងការរក្សាលំនឹងសន្តិភាពសង្គម និងពង្រឹងទំនាក់ទំនងដោយសន្តិសហវិជ្ជមានរវាងសមាជិកសង្គម។

៣៖ ការពិនិត្យប្រក្រតីភាពនៃដំណើរការបោះឆ្នោតរបស់តុលាការធម្មនុញ្ញ និងការធានាឱ្យមានការគោរពរដ្ឋធម្មនុញ្ញដោយគ្រប់តួអង្គរបស់រដ្ឋ គឺជាការជួយពង្រឹងធម្មានុរូបរបស់ស្ថាប័ន និងតំណាងរបស់ប្រជាពលរដ្ឋ ក៏ដូចជាសកម្មភាពផ្សេងៗ។

៤៖ ការដោះស្រាយវិវាទកម្មដោយតុលាការធម្មនុញ្ញ គឺជាវិធានការបង្ការទុកជាមុនមួយ ក្នុងការរួមចំណែករក្សាសន្តិភាពសង្គម។៥- ជោគជ័យធំបំផុតក្នុងការរក្សាបាននូវសន្តិភាពសង្គម គឺអាស្រ័យលើជំនឿចំពោះសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលធ្វើការវិនិច្ឆ័យដោយផ្អែកលើគោលការណ៍យុត្តិធម៌ និងសិទ្ធិមូលដ្ឋាន ហើយនេះគឺជាកត្តាអាចឱ្យដោះស្រាយបាននូវបញ្ហាព្រមទាំងវិវាទនានាក្នុងសង្គម។

សូមបញ្ជាក់ថា សន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ (WCCJ) មានសមាជិកចំនួន ១១៩ប្រទេស ជាតុលាការធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ តុលាការកំពូល និងស្ថាប័នប្រហាក់ប្រហែល មកពីទ្វីបអាហ្វ្រិក អាមេរិក អាស៊ី អូស្ត្រាលី/អូសេអានីនិងអឺរ៉ុប។ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានចូលជាសមាជិកនសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ នៅឆ្នាំ២០១៤៕