(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រចាំការល្បាតត្រួតពិនិត្យលើផ្លូវល្បឿនលឿន បានអន្ដរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយបន្ទាន់២ករណី នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ ពេលកំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿន។
កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលល្បាតប្រចាំការត្រួតពិនិត្យនោះ ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាន។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋដែលត្រូវការជំនួយអន្ដរាគមន៍ពេលកំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿននោះ គឺករណីទី១៖ រថយន្ដម៉ាក Landcruiser នៅចំណុចគីឡូម៉ែត្រលេខ១៣៧ ខូចអាគុយ និងករណីទី២៖ រថយន្ដ Prius នៅចំណុចគីឡូម៉ែត្រលេខ១៧៦ បែកកង់ខាងមុខ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ភ្នំពេញ-ព្រះសីហនុ បន្ដប្រុងប្រយ័ត្នជាប់ជានិច្ចនៅពេលធ្វើដំណើរ ហើយជៀសវាងឲ្យបាននូវការប្រើប្រាស់ល្បឿនលើសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕