(ក្រចេះ)៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្នួល ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានចុះបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ និងគ្រឿងញៀនជាច្រើនកញ្ចប់ នៅចំណុចស្ពានថ្ម ភូមិថ្នាក់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

របាយការណ៍របស់សមត្ថកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ដំបូងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ កាលពីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

ជនសង្ស័យទី១៖ ឈ្មោះ ស្រង់ ផា អាយុ២០ឆ្នាំ, ទី២៖ ឈ្មោះ មាន មុី អាយុ៣០ឆ្នាំ និងទី៣៖ ឈ្មោះ រ៉ុន ស្រ៊ាង អាយុ២៧។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន០២កញ្ចប់តូច និងម៉ូតូចំនួន០២គ្រឿង។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ៣នាក់ខាងលើថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ អឿន បេន ហៅទូច អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ លុះព្រឹកឡើងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធីពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រះ បានបន្តទៅធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត។

ក្នុងនោះ ទី១៖ ឈ្មោះ អឿន បេន ហៅទូច និងទី២៖ ឈ្មោះ សល់ ពិសិដ្ឋ អាយុ១៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន៣០កញ្ចប់, ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទ ចំនួន០១គ្រឿង។

ឈ្មោះ អឿន បេន ហៅទូច បានសារភាពថា ខ្លួនទិញគ្រឿងញៀនពីឈ្មោះ ស៊ន អូន ហៅក្អូន រស់នៅភូមិ-ឃុំខាងលើជាមួយគ្នា។ បន្ទាប់មកកម្លាំងជំនាញ បានបន្តទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ន អូន ហៅក្អូន អាយុ៣៧ឆ្នាំ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធធនាគារ) បានធ្វើការឆែកឆេររកឃើញគ្រឿងញៀន ចំនួន០៥កញ្ចប់ធំ, ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង, ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន និងទូរស័ព្ទចំនួន០១គ្រឿង និងរថយន្តចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តបន្តតាមនីតិវិធី៕