(កណ្ដាល)៖ ថ្ងៃទី១ នៃការចាប់ផ្ដើមពិធីបុណ្យអុំទូកនៅឯស្រុកល្វាឯមខេត្តកណ្ដាល ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២នេះ គេសង្កេតឃើញថា ការរៀបចំពិធីបុណ្យនេះមានភាពយ៉ាងល្អក្រៃលែង ដោយមានមនុស្សមកចូលរួមលេងកម្សាន្តនិងទស្សនាប្រមាណជាង៣ម៉ឺននាក់ឯណោះ។ រីឯការអុំទូកបានប្រព្រឹត្តទៅយ៉ាងជោគជ័យ និងរលូនល្អ ជាមួយសណ្ដាប់ធ្នាប់ល្អប្រសើរ។ នេះបើតាមលោក កន សុកកាយ អភិបាលស្រុកល្វាឯម ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល។
លោកអភិបាលស្រុក បានថ្លែងបញ្ជាក់ថា នៅស្ថិតក្រោមម្លប់សុខសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍ មានការរីកចម្រើន ដែលញ៉ាំងឲ្យរដ្ឋបាលស្រុកល្វាឯម មានឱកាសក្នុងការរៀបចំពិធីបុណ្យអុំទូកនេះឡើង ដ៏មានភាពអធិកអធម និងរលូនល្អបំផុត ខណៈប្រជាពលរដ្ឋមកលេងកម្សាន្ត និងទស្សនាពិធីបុណ្យអុំទូកនេះ មានប្រមាណជាង៣ម៉ឺននាក់ឯណោះ។ រីឯការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ និងការដាក់មន្ត្រីសុខាភិបាលវិញ ក៏មានភាពរលូនល្អផងដែរ មិនមានបាតុភាពបញ្ហាអ្វីកើតឡើងនោះឡើយ។
លោកបន្ដថា ការរៀបចំដែលមានភាពរលូនល្អនេះឡើង គឺផ្ដើមចេញពីមានការរៀបចំផែនការបានយ៉ាងច្បាស់លាស់ បូកផ្សំជាមួយក្រុមមន្ត្រី និងគណៈកម្មការបានអនុវត្តប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងមានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាពរបស់ក្រុមការងារមានភាពស្រុះគ្នាល្អ ក្នុងការរៀបចំកម្មវិធីនេះឡើង ដើម្បីធ្វើឲ្យស្រុកល្វាឯមមានភាពអធិកអធមកាន់តែច្រើនឡើង។
បើតាមលោកអភិបាលស្រុក នេះក៏ផ្ដើមចេញពីគុណបំណាច់ដ៏ធំធេង នៃសុខសន្តិភាពដែលរកបានដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក កន សុកកាយ បានបន្ថែមថា នៅថ្ងៃស្អែក រដ្ឋបាលស្រុកនឹងនៅតែបន្តធ្វើវាឲ្យបានល្អជាទីបំផុត ហើយក៏ជាថ្ងៃនៃការអុំទូកផ្តាច់ព្រ័ត្រ ដើម្បីជ្រើសរើសយកជើងឯក និងប្រគល់ពានរង្វាន់ផងដែរ ដើម្បីសម្រិតសម្រាំងយកអ្នកខ្លាំងប្រចាំស្រុកល្វាឯម មកអុំប្រណាំងថ្នាក់ខេត្តនាពេលឆាប់ៗខាងមុខនេះ។ មិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃទី១០ ខែតុលានឹងមានពិធីលេងកម្សាន្តកាន់តែអធិកអធមឡើង ហើយពិសេសទៀតនោះ នាពេលយប់មានការបាញ់កាំជ្រួចយ៉ាងសម្បូរបែបថែមទៀតផង។
គួរបញ្ជាក់ថា ការរៀបចំពិធីបុណ្យអុំទូកនៅឯស្រុកល្វាឯមនេះ ធ្វើឡើងមិនមែនជាលើកទីមួយនោះទេ ពោលគឺធ្វើឡើងជារៀងរាល់ឆ្នាំ ហើយមើលឃើញថា មានភាពរលូនល្អ និងអធិកអាធមបំផុត ក្រោមការដឹកនាំរបស់លោក កន សុខកាយ ដែលមានសមត្ថភាព ពោរពេញទៅដោយគុណធម៌ ចរិយាធម៌ សក្ដិសមជាថ្នាក់ដឹកនាំគំរូល្អបំផុត ដែលលោកទទួលបានការគាំទ្រ និងការពេញចិត្តស្រឡាញ់បំផុតពីប្រជាពលរដ្ឋ៕