(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ បើកសវនាការជំនុំជម្រះសំណុំរឿងលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ចំនួនពីរករណី។
លោកចៅក្រម សឹង បញ្ញាវុឌ្ឈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ថ្លែងថា សំណុំរឿងទី១ គឺការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ តម្រូវឲ្យលោក ហុង សុខហួរ ប្រគល់កុំព្យូទ័រដែលប្រើប្រាស់សម្រាប់បង្ហោះផែនទីក្លែងក្លាយមកឲ្យតុលាការ និងតម្រូវឲ្យមេធាវីការពារក្ដីប្រគល់ភស្តុតាងទាំងអស់ មុនពេលសវនាការសាជាថ្មី ។ សំណុំរឿងទី២ ការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន លើលោក ហុង សុខហួរ ដែលមេធាវីការពារលោក ហុង សុខហួរ ចាត់ទុកជា ខុសនឹងនីតិវិធីច្បាប់។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោល តុលាការកំពូលសម្រេចលើកពេលប្រកាសសាលដីកា ទៅព្រឹកថ្ងៃទី២២ ខែមិថុនា ខាងមុខនេះវិញ។
លោក ហុងសុខហួរ ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែងសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ។
បទចោទប្រកាន់ទាំងនោះ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី៥ ទៅ១០ឆ្នាំ៕