(ពោធិ៍សាត់)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញដល់មន្ទីរសុខាភិបាលគ្រប់ខេត្ត អាជ្ញាធរដែនដី និងអង្គការដៃគូសុខាភិបាលក្នុងខេត្តនីមួយៗចូលរួមឱ្យបានសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥។
ការជំរុញនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រុមការងារប្រចាំការគោលដៅនៅប៉ុស្តិ៍ច្រកចេញចូលព្រៃ ឧទ្យានុរក្សព្រៃឈើ អ្នកស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ស្ថិតនៅក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
ដំណើរចុះពិនិត្យស្ថានភាពជំងឺគ្រុនចាញ់នេះមានការចូលរួមពីលោកស្រី ម៉ុម ថានី រដ្ឋលេខាធីកាក្រសួងបរិស្ថាន ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានមកពីក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងអន្តរក្រសួង-ស្ថាប័ន ព្រមទាំងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត មន្ទីរចំណុះសាលាខេត្ត កងប្រដាប់អាវុធ អង្គការដៃគូសុខាភិបាលដូចជា WHO, UNOPS PMI/ USAID, CRS, CHAI, MC, CMEP2, KOFHY ព្រមទាំងមន្ត្រីឧទ្យានុរក្សព្រៃឈើ និងប្រជាជនចល័តសរុបប្រមាណ១៥០នាក់។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានជំរុញឱ្យប្រជាជនដែលចូលចេញព្រៃស្វែងរកការធ្វើតេស្តជំងឺគ្រុនចាញ់ភ្លាមៗ ក្រោយត្រលប់ពីព្រៃឱ្យទាន់ពេលវេលាជាមួយអ្នកស្ម័គ្រភូមិព្យាបាលជំងឺគ្រុនចាញ់ និងមណ្ឌលសុខភាពនឹងទទួលបានការព្យាបាលត្រឹមត្រូវ ប្រសិនបើមានមេរោគ និងត្រូវបង្ការខ្លួនកុំឱ្យកើតជំងឺតាមរយៈការប្រើប្រាស់មុងអង្រឹងជ្រលក់ថ្នាំពេលចូលទៅសម្រាកក្នុងព្រៃ ឬថ្នាំលេបស្បែក និងលេបថ្នាំបង្ការមុនពេលចូលព្រៃ។
លោករដ្ឋមន្ត្រីបានណែនាំដល់បុគ្គលិកនិងមន្រ្តីផ្តល់សេវាត្រូវចុះជួបប្រជាជនចំណុចផ្ទាល់ និងផ្តល់ការអប់រំសុខភាព ដើម្បីឱ្យមានការផ្លាស់ប្តូរឥរិយាបទក្នុងការបង្ការជំងឺគ្រុនចាញ់ ធ្វើតេស្តឈាម និងព្យាបាលភ្លាមៗ។
លោកសាស្រ្តចារ្យ ម៉ម ប៊ុនហេង បានផ្ដល់នូវអនុសាសន៍ដល់បុគ្គលិកនិងមន្រ្តីសុខាភិបាលត្រូវកំណត់ឱ្យបាននូវចំនួនប្រជាជនប្រឈម (ប្រជាពលរដ្ឋចល័ត និងអ្នកមានរបរទាក់ទងទៅនឹងព្រៃ) ក្នុងតំបន់គ្រប់គ្រង ដើម្បីធ្វើបទអន្តរាគមន៍បានគ្រប់គ្នាៗ និងមានប្រសិទ្ធភាពខ្ពស់។
លោក ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូច្នេះថា «មន្ដ្រីខេត្តទាំងអស់ត្រូវរួមសហការគ្នា ជាពិសេសមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរដែនដី និងអង្គការដៃគូសុខាភិបាលក្នុងខេត្តនីមួយៗចាំបាច់ត្រូវអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានលុបបំបាត់គ្រុនចាញ់ឱ្យខានតែបាននៅឆ្នាំ២០២៥»។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីសាស្ត្រាចារ្យក៏បានជំរុញដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មន្ទីរសុខាភិបាលខេត្ត និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ពិនិត្យមើលរួមគ្នាលើវឌ្ឍនភាពការងារ កត្តាប្រឈមហានិភ័យ និងកាលានុវឌ្ឍភាពដែលទាក់ទងទៅនឹងការអនុវត្តគម្រោង CMEP2 ដើម្បីពិភាក្សារួមគ្នារកដំណោះស្រាយលើទំហំសកម្មភាពអនុវត្តន៍ឆ្លើយតបនាពេលបច្ចុប្បន្ន និងពង្រីកការអនុវត្តឱ្យសមស្របនូវភូមិសាស្រ្តកំពុងប្រឈមឱ្យបានជោគជ័យ ទៅតាមសូចនាករកំណត់ក្នុងយុទ្ធសាស្រ្តសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់។
ក្នុងនាមជាដៃគូរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ លោកស្រី លីនណា តំណាងអង្គការ USAID បានលើកឡើងថា តាមរយៈគម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ដំណាក់កាលទី២ USAID នៅតែបន្តការជួយតាមរយៈកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់នៅប្រទេសកម្ពុជា។
លោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ បានលើកឡើងថា ដោយសារទឹកភ្លៀងធ្លាក់ជាហូរហែនារដូវវស្សាឆ្នាំនេះ បានធ្វើឱ្យការឆ្លងជំងឺគ្រុនចាញ់មានការកើនឡើង ពិសេសនៅតាមឃុំចំនួន៤ក្នុងស្រុកភ្នំក្រវាញនេះ ក្នុងនោះរួមមានឃុំសំរោង ឃុំរកាត ឃុំព្រងិល និងឃុំសន្ទ្រែ ដែលប្រឈមនឹងជំងឺគ្រុនចាញ់ច្រើនជាងគេ ក្នុងនោះរដ្ឋបាលស្រុកក៏បានសហការជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរសុខាភិបាលខេត្ត អ្នកស្ម័គ្រចិត្តតាមភូមិ ព្រៃមន្ត្រីឧទ្យានុរក្ស អង្គការដៃគូ ក្នុងការឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ហើយរយៈពេលចុងក្រោយនេះឃើញថាមានការធូរស្បើយ។
«ទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែបន្តជំរុញការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអ្នកស្ម័គ្រ មន្ត្រីសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនចាញ់» នេះបើតាមការបន្ថែមរបស់លោកអភិបាលស្រុកភ្នំវាញ។
គួរជម្រាបថា លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ព្រមទាំងថ្នាក់ដឹកនាំ និងប្រតិភូអមដំណើរក៏បានចែកមុងជ្រលក់ថ្នាំ និងកញ្ចប់ចូលព្រៃដល់ប្រជាជន កម្មករចម្ការ អ្នកចូលព្រៃដល់ទីកន្លែងដែលជាតំបន់ប្រឈមនឹងការចម្លងជំងឺគ្រុនចាញ់ខ្ពស់ក្នុងភូមិសាស្ត្រឃុំចំនួន៤ខាងលើនៃស្រុកក្រវាញនេះ។ ក្រៅពីនោះ ថ្នាក់ដឹកនាំក៏បានចុះសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ ក៏ដូចជាអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ព្រមទាំងបានចុះទៅដល់ផ្ទះប្រជាពលរដ្ឋ និងស្នាក់ការផ្ដល់សេវាធ្វើតេស្តឈាមរកមេរោគគ្រុនចាញ់និងផ្ដល់សេវាបង្ការ/ព្យាបាលជូនប្រជាពលរដ្ឋ នាច្រកចូលចេញព្រៃនៃភូមិសាស្ត្រឃុំសំរោងនោះផងដែរ។
លោក សឿន វរៈ ជាប្រជាពលរដ្ឋរស់នៅឃុំសំរោង ហើយក៏ជាអ្នកទទួលបានមុងជ្រលក់ថ្នាំនិងកញ្ចប់ចូលព្រៃនឹងគេដែរនោះ បានរៀបរាប់ថា សព្វថ្ងៃលោកនិងអ្នកភូមិផ្សេងទៀតប្រកបមុខរបរចូលព្រៃដើម្បីរកអនុផលព្រៃឈើ ដូចជាបោចវល្លិ បេះផ្សិតលីងជឺ ហើយក្នុងមួយជើងៗនៅក្នុងព្រៃចាប់ពី៥-៧ថ្ងៃ។
ពលរដ្ឋវ័យជាង៤០ឆ្នាំរូបនេះបានបន្តថា មុននឹងចូលព្រៃក្រុមលោកតែងលេបថ្នាំបង្ការដែលអ្នកស្ម័គ្រភូមិបានផ្ដល់ជូន ហើយក្នុងដំណើរចូលព្រៃនិងស្នាក់នៅក្នុងព្រៃនោះ គឺពួកគាត់មានជាអង្រឹងមុងជ្រលក់ថ្នាក់ ធូបមូស និងមានថ្នាំបាញ់ការពារមូសខាំជាដើម។ នៅពេលចេញពីព្រៃវិញក៏មានការជោះឈាមធ្វើតេស្តរកមេរោគគ្រុនចាញ់ផងដែរ ដែលសេវាទាំងនេះគឺមានផ្ដល់ឱ្យនៅនឹងមាត់ច្រកចូលចេញតំបន់ព្រៃភ្នំនោះតែម្ដង។
បើតាមលោក សឿន វរៈ កន្លងមកលោកក៏ធ្លាប់ឆ្លងជំងឺគ្រុនចាញ់ដែរ ប៉ុន្តែមានថ្នាំព្យាបាលទាន់ពេល និងដឹងពីវិធីបង្ការមុន ថែមទាំងមានអ្នកស្ម័គ្រចិត្តនិងមន្ត្រីសុខាភិបាលជួយផងនោះ ទើបលោកនិងក្រុមអ្នកដើរព្រៃដូចគ្នាអាចបន្តមុខរបរនេះបានមកដល់សព្វថ្ងៃ៕