(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា អញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាម ដែលជាអភិបាលរង រាជធានី-ខេត្ត មកពីបណ្ដារាជធានី-ខេត្តចំនួន១២។ ជំនួបនេះ ធ្វើឡើងនៅការិយាល័យរបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ក្នុងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងអភិបាលរងរាជធានី-ខេត្ត ដែលជាមុស្លិមចំនួន១២រូប នៅតាមតំបន់ដែលមានប្រជាជនខ្មែរឥស្លាមច្រើន ដែលជាការផ្ដល់ជូនដ៏ធំធេង របស់រាជរដ្ឋាភិបាល ដល់សហគមន៍ឥស្លាមកម្ពុជា តាមរយៈការខិតខំប្រឹងប្រែងរបស់គណៈចលនាសាសនិកឥស្លាមកម្ពុជា ដែលយើងទាំងគ្នាត្រូវដឹងគុណជាចាំបាច់ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកបណ្ឌិត អូស្មាន ហាស្សាន់ បានធ្វើការផ្ដាំផ្ញើដល់អភិបាលរងទាំងអស់គ្នា សូមបន្តសហការសាមគ្គីគ្នាជាធ្លុងតែមួយ បង្កើនទំនាក់ទំនងល្អរវាងគ្នា និងខិតខំប្រឹងប្រែងបម្រើការងារប្រកបដោយឆន្ទៈខ្ពស់ ជូនជាតិមាតុភូមិ ដ៏ដូចជាប្រជាពលរដ្ឋទាំងមូល។
លោកបានលើកពីសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ដោយកម្ពុជាបានផ្ដល់គ្រូក្របខ័ណ្ឌខ្មែរឥស្លាម ចំនួន១,៥០០នាក់ និងរៀបចំឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ចូលរួមបម្រើការងារជាមួយ រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបម្រើការងារ ដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋកម្ពុជា។
លោកបានអះអាងថា ទាំងនេះគឺជាសមិទ្ធផលដែលកេីតឡេីងដោយកត្តាសុខសន្តិភាព ដែលរកមកដោយលំបាកដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដេីម្បីបន្តរក្សាបាននូវសុខសន្តិភាពនេះឲ្យបានយូរអង្វែងតទៅមុខទៀត។
សូមរំលឹកថា គណៈចលនាសាសនិកឥស្លាមកម្ពុជា ត្រូវបានបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៩៨ និងមានតួនាទីជាសេនាធិការ ជូនគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំការងារចលនាសាសនិកឥស្លាមទូទាំងប្រទេស ក្នុងការអនុវត្តការងារបោះឆ្នោត ឲ្យស្របទៅតាមផែនការរបស់គណបក្ស៕