(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំលើការងារគ្រប់គ្រងអាជីវកម្មកាស៉ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងម្ចាស់អាជីវកម្មមួយចំនួនទៀត ដោយបង្ហាញអំពីការកែប្រែ និងលក្ខខណ្ឌតម្រូវមួយចំនួន។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។
ការចេញសេចក្ដីណែនាំនេះ ធ្វើឡើងដោយសារមើលឃើញថា ក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញមានទីតាំងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងអាជីវកម្មមួយចំនួន ក្រោយពីបានទទួលសិទ្ធិប្រកបអាជីវកម្មពីរាជរដ្ឋាភិបាល ឬពីក្រសួង ស្ថាប័នមានសមត្ថកិច្ចរួចហើយ មិនបានជូនដំណឹងអំពីការបើកដំណើរការអាជីវកម្មរបស់ខ្លួនមក រដ្ឋបាលខេត្ត ឬសមត្ថកិច្ចពាក់ព័ន្ធ និងមិនបានលើកស្លាកសម្គាល់ឈ្មោះទីតាំងប្រកបអាជីវកម្មរបស់ខ្លួននៅឡើយ។
រដ្ឋបាលខេត្តព្រះសីហនុ បានបន្ថែមថា មានទីតាំងខ្លះទៀតបានហ៊ុំព័ទ្ធរបងបិទបាំង ដែលធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចពិបាកក្នុងការត្រួតពិនិត្យទីតាំងនីមួយៗ និងម៉្យាងទៀត បង្កលក្ខណៈដល់ជនឆ្លៀតឱកាសប្រព្រឹត្តបទល្មើសផ្សេងៗដូចជា ការបង្ខាំងមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និងការប្រព្រឹត្តអំពើល្មើសច្បាប់កម្ពុជា។
ក្នុងន័យនេះ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងទីតាំងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងម្ចាស់អាជីវកម្មនានាឲ្យបានល្អប្រសើរ និងស្របទៅតាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និង
ម្ចាស់អាជីវកម្មនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដូចខាងក្រោម៖
*ទី១៖ ម្ចាស់កាស៊ីណូ ត្រូវស្នើសុំលិខិតអនុញ្ញាតបើកទីតាំងអាជីវកម្មរបស់ខ្លួនពីរដ្ឋបាលខេត្តព្រះសីហនុ មុនសុំអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
*ទី២៖ ម្ចាស់អាជីវកម្ម ត្រូវដាក់តាំងស្លាកឈ្មោះបង្ហាញអំពីអាជីវកម្មរបស់ខ្លួន ដែលមានអក្សរខ្មែរធំ ជាងអក្សរបរទេស (ពាក់កណ្ដាលអក្សរខ្មែរ) ហើយអក្សរខ្មែរត្រូវស្ថិតនៅជួរលើគេបំផុតឲ្យបានត្រឹមត្រូវស្របតាមខ្លឹមសារនៃអាជ្ញាប័ណ្ណ និងដាក់បង្ហាញគ្រប់អាជ្ញាប័ណ្ណនៅកន្លែងទទួលភ្ញៀវ
*ទី៣៖ ម្ចាស់អាជីវកម្ម កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ឬបុគ្គលណាមួយ មិនត្រូវយកលិខិតឆ្លងដែន ឬប័ណ្ណការងារ ឬឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គលិករបស់ខ្លួនមករក្សាទុកជាដាច់ខាត។ ក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា លិខិតឆ្លងដែន ឬប័ណ្ណការងារ ឬឯកសារបញ្ជាក់អត្តសញ្ញាណរបស់បុគ្គលិក ត្រូវបានរក្សាទុកនៅម្ចាស់អាជីវកម្មឬបុគ្គលណាមួយនោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន
*ទី៤៖ ទីតាំងអាជីវកម្មត្រូវបើកចំហដោយមិនត្រូវបិទបាំង ឬហ៊ុព័ទ្ធសំណាញ់ ឬរបងបន្លាលួស និងមិនត្រូវបិទសិទ្ធិសេរីភាពរបស់កម្មករ និយោជិត ក្នុងការចេញចូល
*ទី៥៖ ម្ចាស់អាជីវកម្មត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត និងបញ្ជីបើកប្រាក់ខែ ឲ្យបានច្បាស់លាស់ ត្រឹមត្រូវតាមកិច្ចសន្យាការងារ
*ទី៦៖ ក្នុងករណីជួលទីតាំងប្រកបអាជីវកម្ម ម្ចាស់អាជីវកម្ម (សហគ្រិន) ត្រូវប្រកាសបញ្ជាក់នូវបញ្ជីរាយនាមអ្នកជួល (ការិយភារី) ដែលខ្លួនបានចុះកិច្ចសន្យាជាមួយ។ បញ្ជីនេះដែលមានបញ្ជាក់នាម អាសយដ្ឋាន និងឋានៈអ្នកជួល (ការិយភារី) ព្រមទាំងស្ថានភាព នៃទីកន្លែងធ្វើការនីមួយៗ ក្នុងរយៈពេល៧ (ប្រាំពីរ) ថ្ងៃពេញ ក្រោយពីថ្ងៃធ្វើកិច្ចសន្យាជួល។ កិច្ចសន្យាជួលនេះ ត្រូវមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន (ខេត្ត ឬក្រុង ឬស្រុក ឬឃុំ ឬសង្កាត់) ឬមេធាវីដែលបានចុះបញ្ជីក្នុងគណៈមេធាវី រួចផ្ញើមករដ្ឋបាលខេត្តព្រះសីហនុ ចំនួន១ (មួយ) ច្បាប់ តាមរយៈតេឡេក្រាមលេខៈ ០១១ ៥៤៦ ៦៧៧។
*ទី៧៖ ត្រូវប្រកបអាជីវកម្មដោយគោរពទៅតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តនានាក្នុងប្រទេសកម្ពុជាឲ្យបានខ្ជាប់ខ្ជួន៕