(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារជូនជនរួមជាតិ អំពីស្ថានភាព នៃទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម។
នៅក្នុងសារសំឡេងនេះ សម្តេចបានដាក់បទបញ្ជាឱ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសា ចាត់មន្ត្រីជំនាញរបស់ក្រសួង ឱ្យចុះធ្វើការជាមួយនឹងខេត្តនានា ដើម្បីវាយតម្លៃអំពីផលប៉ះពាល់លើវិស័យកសិកម្ម ដោយទឹកជំនន់ ហើយត្រៀមបម្រុងដឹកពូជស្រូវ ដើម្បីដោះស្រាយបញ្ហា។
តាមរយៈសារសំឡេងមួយ ផ្ញើជូនជនរួមជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចបានទទួលបាយការណ៍ពី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អំពីស្ថានភាព នៃទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម។
របាយការណ៍នោះ បានបញ្ជាក់អំពីពលរដ្ឋស្លាប់ដោយទឹកជំនន់ចំនួន៤នាក់ ហើយមានការជម្លៀសប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព ដែលក្នុងនោះក៏មានការប៉ះពាល់ដល់សិស្ស ដោយសារតែមានការលិចលង់សាលារៀនផងដែរ។ តាមរបាយការណ៍នេះ បានឱ្យដឹងថា ដំណាំស្រូវនៅកម្ពុជា បានទទួលរកនូវការលិចលង់ចំនួន ១៥១៤១២ហិកតា ហើយដំណាំរួមផ្សំផ្សេងទៀត ចំនួន៤១២៤ហិកតា។
សម្តេចបានថ្លែងថា ឥឡូវនេះទឹកនៅកន្លែងខ្លះស្រក នៅកន្លែងខ្លះក៏ឡើង និងមានសភាពការណ៍មួយចំនួន នៃការព្យាករណ៍អាកាសធាតុ ដែលអាចនឹងនៅមានទឹកភ្លៀងខ្លះបន្ថែមទៀត ប៉ុន្តែតាមការជាក់ស្តែងនោះ មានកន្លែងខ្លះក៏ឡើង កន្លែងខ្លះក៏ស្រក ហើយសភាពការណ៍ នៅឯមូលដ្ឋានគឺគ្រប់គ្រងបាន។ ប៉ុន្តែអ្វីដែលជាកង្វល់ គឺមូលដ្ឋានខ្លះកំពុងជួបនូវបញ្ហា ពាក់ព័ន្ធនឹងបញ្ហាខ្វះពូជស្រូវ និងពូជដំណាំ ដេលទាមទារឱ្យថ្នាក់ជាតិអន្តរាគមន៍ជាបន្ទាន់។
សម្តេចបានបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំ សូមដាក់បទបញ្ជាទៅ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ចាត់មន្ត្រីជំនាញរបស់ក្រសួងដែលមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចុះធ្វើការជាមួយនឹងខេត្ត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការវាយតម្លៃឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន អំពីការខូចខាត ដែលទាក់ទងជាមួយនឹង ដំណាំស្រូវ ក៏ដូចជាដំណាំផ្សេងទៀត ដើម្បីឱ្យរាជរដ្ឋាភិបាល អាចបញ្ចេញយ៉ាងលឿន ទៅកាន់គោលដៅនៃស្រូវដែលខូចខាត ដើម្បីឱ្យប្រជាពលរដ្ឋយើងអាចបង្កបង្កើនផលឡើងវិញ»។
សម្តេចបានចាត់ទុកថា នេះជាការអន្តរាគមន៍ចាំបាច់ ដើម្បីដោះស្រាយបញ្ហានៅចុងរដូវ ដែលទឹកមិនទាន់អស់នៅឡើយ។ សម្តេចបានអំពាវនាវឱ្យមានកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាវាយតម្លៃអំពីផលប៉ះពាល់ផង និងត្រៀមបម្រុងដើម្បីដឹកចេញនូវពូជស្រូវ និងដំណាំទៅកាន់គោលដៅផង។
សម្តេចមិនចង់ឱ្យមានការបណ្តែតបណ្តោយឱ្យទឹកស្រកហួស ហើយតំបន់ទាំងនោះគ្មានប្រភពទឹកដើម្បីបង្កបង្កើនផលឡើយ ដែលកន្លងទៅកម្ពុជាធ្លាប់ជួបប្រទះកាលពីឆ្នាំ២០០០ ហើយខេត្តដែលជួបប្រទះច្រើន គឺបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ហើយដោយឡែកឆ្នាំនេះក៏កើតនៅកំពង់ធំ ព្រះវិហារ និងខេត្តដទៃថែមទៀត។
សម្តេចជំរុញឱ្យមានការចាត់ចែងការងារនេះជាបន្ទាន់ ដើម្បីវាយតម្លៃអំពីការខូចខាត និងត្រៀមបញ្ចេញពូជដែលមានស្តុក ទៅឱ្យប្រជាពលរដ្ឋដាំដុះ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖
https://t.me/freshnewsasia/107761