(បាត់ដំបង)៖ អភិបាលខេត្ដបាត់ដំបង លោក សុខ លូ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ កីឡាករអុំទូក ដែលត្រៀមប្រកួតចាប់ពីថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ស្អែកនេះ។
ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានណែនាំដល់កីឡាករ កីឡាការនីអ៊ុទូកទាំងអស់ថា ឈ្នះ ចាញ់ ជារឿងមួយ តែរឿងសំខាន់បំផុតនោះ គឺការគោរពវិន័យ សេចក្តីថ្លៃថ្នូ កិត្តិយស និងបានសប្បាយរីករាយទាំងអស់គ្នា។ លោកបានអំពាវនាវដល់កីឡាករ កីឡាការនីទាំងអស់ថា ក្នុងពិធីអុំទូកនេះ កុំភ្លេចអនុវត្តវិធានការរបស់សុខាភិបាល៣កុំ ៣ការពារ និងបន្តចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
លោកអភិបាលខេត្ត បានបន្តថា កម្មវិធីអុំទូកថ្នាក់ខេត្តនេះ គឺជាលើកទី២០ ហើយទើបតែខកខាន២ឆ្នាំ ជំនាន់កូវីដ១៩កន្លងមក តែឆ្នាំនេះចាប់ផ្តើមអុំទូក តាមប្រពៃណីខេត្តយើងជាបន្តទៀតតទៅ ក្នុងថ្ងៃបុណ្យចេញព្រះវស្សារៀងរាល់ឆ្នាំ។
ក្នុងឱកានោះ លោក សុខ លូ ក៏បានជូនអំណោយជាស្បៀងអាហារ មានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកសុទ្ធ សម្រាប់ហូបនៅពេលហ្វឹកហាត់ និងនៅពេលបុណ្យអុំទូកផងដែរ៕