(កំពត)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វះស្វែងរកថវិកាពីរដ្ឋាភិបាលចិន ដើម្បីសាងសង់កំណាត់ផ្លូវជាតិលេខ៣ ប្រវែងប្រមាណជា ២០គីឡូម៉ែត្រ ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងរងការខូចខាតខ្លាំង។
កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ត្រូវបានសាងសង់ និងលើកកម្ពស់គុណភាពជាច្រើនលើកមកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ ២០គីឡូម៉ែត្រខាងលើនេះ តែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាងសង់រួចរយៈពេលខ្លី។
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់ពីស្ថានភាពកំណាត់ផ្លូវនោះ។ ការខូចខាតកំណាត់ផ្លូវនោះមានការខូចខាតធ្ងន់ធ្ងរមែនទែន ចម្ងាយផ្លូវត្រឹមប្រមាណ ២០គីឡូម៉ែត្រ ក្រុមការងារចុះមើលផ្លូវចំណាយពេលជិះរថយន្តឆ្លងកាត់ជិត ២ម៉ោង។
នៅចំពោះលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, អ្នកបច្ចេកទេសបានជម្រាប លោកឧបនាយករដ្ឋមន្ត្រីថា ការដែលកំណាត់ផ្លូវនេះធ្វើហើយឆាប់ខូចទៅវិញ ដោយសារតែស្ថានភាពដីនៅទីនោះ ជាដីស្អុយជម្រៅប្រមាណជាង ១៨ម៉ែត្រ ហើយបៀបទឹកខ្លាំង។ ដូច្នេះបើចង់ឱ្យការសាងសង់កំណាត់ផ្លូវនេះជាប់បានយូរទាមទារឱ្យប្រើប្រាស់បច្ចេកសាងសង់ខ្ពស់។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឯកភាពលើបញ្ហានេះ ព្រោះលោកបានជ្រាបពីបញ្ហានេះតាំងពីលោកនៅជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកម្ល៉េះ។
អ្នកបច្ចេកទេសសាងសង់ផ្លូវ ក៏បានលើកបង្ហាញពីជម្រើសបច្ចេកបច្ចេកទេសចំនួន៣ ដែលអាចសាងសង់ផ្លូវនេះឱ្យជាប់បានយូរ ជាពិសេសការសាងសង់គ្រឹះ។ បើមិនប្រើមធ្យោបាយបច្ចេកទាំងនោះទេ គឺមិនអាចធ្វើឱ្យផ្លូវនេះអាចជាប់បានយូរនោះឡើយ។
តាមរយៈបច្ចេកទេសទាំង៣ ដែលបានលើកបង្ហាញនោះ គឺទាមទារការប្រើប្រាស់ថវិកាច្រើន។
តាមរយៈការជជែកពិភាក្សានាពេលនោះ គេបានឮលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជម្រាបទៅលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថា ត្រូវការទំហំថវិការង្វង់ប្រមាណជា ៧០លានដុល្លារអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានទទួលយកនូវបញ្ហាដែលលើកឡើងដោយអ្នកបច្ចេកទេសសាងសង់ ហើយក៏បានឯកភាពក្នុងការជ្រើសរើសយកបច្ចេកទេសខ្ពស់នេះ សម្រាប់ការសាងសង់ ដើម្បីកុំឱ្យផ្លូវឆាប់ខូចទៅវិញ ខណៈដែលសម្តេចតេជោ បានសម្រេចមិនឱ្យមានការធ្វើតម្រាយផ្លូវថ្មីនោះឡើយ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជម្រាបក្នុងឱកាសនោះដែរថា លោកបានធ្វើសំណើរួចហើយទៅកាន់រដ្ឋាភិបាលចិន ឱ្យជួយផ្តល់កម្ចីសម្រាប់សាងសង់កំណាត់ផ្លូវនេះ។ បើតាមលោកឧបនាយករដ្ឋមន្ត្រី គឺបានស្នើរដ្ឋាភិបាលចិនបង្វែរគម្រោងថវិកាឆ្នាំ២០២៣ ដែលត្រូវប្រើប្រាស់សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធដទៃនោះ មកសាងសង់កំណាត់ផ្លូវនេះជំនួសវិញ ព្រោះវាមានភាពចាំបាច់សម្រាប់ការប្រើប្រាស់។ ប៉ុន្តែលទ្ធផលយ៉ាងណានោះ គឺត្រូវរង់ចាំការឆ្លើយតបពីខាងរដ្ឋាភិបាលចិន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា បើទោះបីមិនទាន់មានថវិកាសម្រាប់សាងសង់យ៉ាងណាក្តី តែរាជរដ្ឋាភិបាលនឹងបញ្ចេញកញ្ចប់ថវិកាខ្លះ ដើម្បីឈូសឆាយពង្រាបផ្លូវនេះសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពេលរដូវប្រាំងចូលមកដល់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសុំការយោគយល់អាធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋទាំងអស់ ដែលបានជួបការលំបាកក្នុងការធ្វើដំណើរ ព្រោះការខូចខាតកំណាត់ផ្លូវមួយខ្សែនេះ៕