(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត គណៈអភិបាលក្រុង-ស្រុកទាំង១០ ប្រធានមន្ទីរ និងមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដើម្បីរៀបចំផែនការ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ពិធីប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច និងការតាំងពិព័រណ៍ ដែលគ្រោងប្រារព្ធធ្វើនៅថ្ងៃទី១០ ខែតុលាខាងមុខនេះ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានស្នើដល់គណៈកម្មការរៀបចំពិធីប្រណាំងទូកខេត្ត ធ្វើការបូកសរុប ចំនួនទូក «ង» ទាំងអស់ ដែលមានក្នុងខេត្ត ដើម្បីបានដឹងអំពីចំនួនទូក «ង» សម្រាប់ធ្វើការបែងចែក និងរៀបចំការប្រណាំងក្នុងពេលសមស្របដែលអាចធ្វើទៅបាន។ ត្រូវពង្រឹងការទ្វឹកហាត់ដល់កីឡាករ និងធានាថា កីឡាករកីឡាការិនីអុំទូក មានគ្រប់ចំនួនមិនអវត្តមាន ត្រូវគោរពឲ្យបាននូវវិន័យបទបញ្ជាផ្ទៃក្នុង ក្នុងការប្រកួត មានសេចក្តីថ្លៃថ្នូរ ទូកត្រូវតុបតែងឱ្យមានសោភ័ណ្ឌភាព ហើយកីឡាករកីឡាការិនី ក៏ត្រូវមានឯកសណ្ឋានសមរម្យផងដែរ។
បន្ថែមពីលើនេះ លោកអភិបាលខេត្ត ក៏បានជំរុញ និងលើទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងចូលរួមសំអាតអនាម័យបរិស្ថាន និងការតុបតែងលម្អ ឱ្យមានសោភ័ណភាពស្រស់បំព្រង ដើម្បីធ្វើយ៉ាងណាបង្កើតបរិយាកាស ឱ្យមានភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋយើង។
សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ចាម និងមានការរៀបចំពិធីប្រណាំងទូក «ង» និងទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ នៅក្នុងកំពង់ចាម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូកនិងបង្កបរិយាកាសសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព ដែលនិងប្រព្រឹត្តទៅ នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
នៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួចផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏នឹងរៀបចំការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ និងការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២ ផងដែរ ៕