(កំពង់ធំ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អង្គការទស្សនៈពិភពលោក ដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ ជាពិសេសគ្រោះទឹកជំនន់។ លោកបានចាត់ទុកកាយវិការ និងសកម្មភាពនេះ គឺជាការបង្ហាញគំរូដ៏ល្អមួយសម្រាប់អង្គការដៃគូអភិវឌ្ឍន៍របស់កម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំជំនួយរបស់អង្គការទស្សនៈពិភពលោកជូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ។

នៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណដល់អង្គការទស្សនៈពិភពលោក ដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេង។

ផ្អែកតាមគំរូភាពដ៏ល្អរបស់អង្គការទស្សនៈពិភពលោកនាពេលនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវដល់បណ្តាអង្គការដៃគូអភិវឌ្ឍផ្សេងៗទៀត ចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋរងគ្រោះនៅខេត្តផ្សេងៗទៀតដូចជា បន្ទាយមានជ័យ សៀមរាប និងបាត់ដំបងជាដើម បើទោះជាគ្រោះទឹកជំនន់នាពេលនេះមិនដល់កម្រិតប្រកាសរកជំនួយកម្រិតអន្ត រជាតិក៏ដោយ។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការងារអាទិភាព ដើម្បីគ្រប់គ្រងស្ថានភាពគ្រោះទឹកជំនន់នាពេលបច្ចុប្បន្នផងដែរ។ ការងារអាទិភាពនោះរួមមាន៖

១៖ បន្តការត្រៀមជម្លៀសនិសង្គ្រោះគ្រួសារដែលនៅដាច់ស្រយ៉ាលទៅទីកន្លែងមានសុវត្ថិភាព សម្រាប់តំបន់ដែលនឹងមាន ភ្លៀងធ្លាក់ថែមទៀត ព្រោះសម្រាប់រដ្ឋាភិបាលសម្តេចតេជោ អាយុជីវិតប្រជាពលរដ្ឋ គឺជាកត្តាអាទិភាពទីមួយ
២៖ បន្តឧបត្ថម្ភគាំទ្រស្បៀងអាហារ និងជំនួយនានាសម្រាប់បំពេញតម្រូវការមនុស្សធម៌ជាមូលដ្ឋាន ដល់គ្រួសារងាយរងគ្រោះបំផុត ដែលបានជម្លៀស ឬស្នាក់នៅតាមផ្ទះអ្នកជិតខាង ហើយសូមកត់សម្គាល់ថា ជំនួយនេះជាជំនួយសម្រាប់សម្រួលទុក្ខលំបាកក្នុងពេលទឹកជំនន់ ដែលប្រជាពលរដ្ឋមិនអាចរកចំណូលបាន។
៣៖ បន្តតាមដាននិងវាយតម្លៃការខូចខាតស្រូវ និងផលដំណាំ នានា ព្រោះទឹកលិចជាង ១០ថ្ងៃមកហើយ និងស្រកទៅវិញសន្សឹមៗប៉ុណ្ណោះ ដែលលក្ខខណ្ឌនេះមិនអាច ឱ្យការវាយតម្លៃការខូចខាតឱ្យបានច្បាស់ទាំងស្រុងនៅពេលនេះ។
៤៖ បន្តសិក្សាវាយតម្លៃការខូចខាត ផ្លូវលំជនបទនានា និងហេដ្ឋារចនាសម្ព័ន្ធដែលជាមូលដ្ឋានគ្រឹះ ដើម្បីត្រៀមស្តារ និងជួសជុសជាបន្ទាន់ បន្ទាប់ពីទឹកស្រកដើម្បីសម្រួលដល់ការប្រកបរបរចិញ្ចឹមជីវិតនិងការស្តារជីវភាពឡើងវិញរបស់បងប្អូនក្នុងសហគមន៍ឡើងវិញ។

សូមបញ្ជាក់ថា ជំនួយមនុស្សធម៌របស់អង្គការទស្សនៈពិភពលោក បានចែកជូនប្រជាពលរដ្ឋ ១៤៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ក ២៥គីឡូក្រាម ប្រេងឆា ២ដប ត្រីខ ១យួរ មី ១កេសតូច ទឹកត្រី១ យួរទឹកស៊ីអីវ ១យួរ អំបិល ២គីឡូក្រាម សាប៊ូ ៤ដុំ និងសាប៊ូម្សៅវីសូ ១គីឡូក្រាម។

ជាការឆ្លើយតប នឹងគ្រោះជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២២នេះ អង្គការទស្សនៈពិភពលោកបានផ្តល់ជំនួយមនុស្សធម៌សរុបបាន ៦១៥គ្រួសារ ក្នុងខេត្ត បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហានិងកំពង់ធំ។ អង្គការទស្សនៈពិភពលោក ក៏បានផ្តល់ជូនផលិតផលបន្សុទ្ធទឹក សម្រាប់បន្សុទ្ធទឹកប្រើប្រាស់បានរយៈពេល ១៥ថ្ងៃផងដែរ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៨ ខែតុលានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានផ្តល់ជំនួយដល់ ប្រជាពលរដ្ឋរងគ្រោះសរុបបានចំនួន ១,៩៣៧គ្រួសារ ដែលជាគ្រួសារងាយរងគ្រោះបំផុត។

ក្នុងជួបសំណេះសំណាល និងផ្តល់ជំនួយនាព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំអាជ្ញាធរមូលដ្ឋានថាការចែកជំនួយសង្គ្រោះមានភាពចាំបាច់ណាស់សម្រាប់ពលរដ្ឋរងគ្រោះ។ ដូច្នេះត្រូវចែកតាមក្រុមតូចៗ តាមមូលដ្ឋាន នីមួយៗបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួល និងកាត់បន្ថយហានិភ័យនានាពេលមកទទួលជំនួយ នៅពេលកំពុងមានទឹកលិចបែបនេះ៕