(ភ្នំពេញ)៖ មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ភាគច្រើននៃខ្សែភាពយន្តខ្មែរបច្ចុប្បន្ននេះ គ្មានគុណភាពនោះទេ ដោយសារតែសមត្ថភាពផលិតករនៅមានកម្រិត ក៏ដូចជាកង្វះខាតថវិកាក្នុងការផលិត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ នៅសណ្ឋាគារ Rosewood នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោក ស៉ិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ បានឲ្យដឹងថា ខ្សែភាពយន្តឥឡូវ ទាំងសំឡេង រូបភាព ស្រ្គីនធំ និងផាសុកភាពជាដើមក្តី ទៅមិនទាន់ដល់កម្រិតទេ។ បញ្ហាបច្ចេកទេសនៃការផលិត សមត្ថភាពផលិតករ និងកង្វះខាតថវិកា សុទ្ធតែជាបញ្ហាធំ។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានឲ្យដឹងទៀតថា បច្ចុប្បន្ន រោងភាពយន្តនៅខ្មែរទំនើបល្អហើយ ប៉ុន្តែខ្សែភាពយន្តខ្មែរភាគច្រើន មិនអាចយកទៅបញ្ចាំងបាននោះទេ ដោយសារតែកម្រិតនៃខ្សែភាពយន្តនៅស្ទើរ។ លោកប្រៀបធៀបថា បើផ្សារទំនើបមួយ ចេះតែដាក់ទំនិញគ្មានគុណភាពចូល គ្មានអ្នកទិញនោះឡើយ។

លោក ស៉ិន ចន្ទសាយ៉ា បញ្ជាក់យ៉ាងដូច្នេះថា «ទៅអត់ទាន់ដល់ វាមានកត្តាកំណត់ បញ្ហាថវិកា និងបច្ចេកទេស»

ក្នុងគោលបំណងជំរុញលើកទឹកចិត្តយុវជនក្នុងការអភិវឌ្ឍសមត្ថភាពច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ និងបិទវិញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅឯសាលសន្និសីទចតុម្មុខ និងរោងភាពយន្តនានា ក្នុងរាជធានីភ្នំពេញ។

លោក ស៉ិន ចន្ទសាយ៉ា បានថ្លែងដែរថា «ក្រសួងវប្បធម៌ យើងពង្រីកឲ្យមានការយល់ដឹងពីការផលិតខ្សែភាពយន្ត។ អញ្ចឹងហើយមហោស្រពយើង មិនមែនធ្វើឡើងដើម្បីបង្អួតស្នាដៃ តែយើងជួបជុំគ្នា ដើម្បីយើងមើលឃើញថា តើយុវជនណាដាក់ចិត្តដាក់កាយឈានជើងចូលទៅក្នុងវិស័យភាពយន្តជាអាជីព»

លោកមើលឃើញថា សមត្ថភាពផលិតករនៅមានកម្រិត ដោយសារតែពេលឈានជើងចូលក្នុងវិស័យនេះ គាត់យល់ថាមានការលំបាកច្រើន។ សព្វថ្ងៃ មានផលិតករដែលទទួលការបណ្តុះបណ្តាល ហើយមានសមត្ថភាពខ្លាំង មានតិចណាស់។ ចំពោះកង្វះខាតថវិកា ធ្វើឲ្យផលិតករខ្លះចូលសម្តែងខ្លួន​​ឯង និងថតខ្លួន​​ឯងទៀត ដែលខុសពីជំនាញគាត់ ក៏ធ្វើឲ្យលទ្ធផលនៃខ្សែភាពយន្តមិនល្អដែរ។

លោក ស៉ិន ចន្ទសាយ៉ា បានបញ្ជាក់ថា «ភាគច្រើនអត់ទេ រាថយៗ ចូលជ្រៅមែនទែនគាត់ថា លំបាកណាស់វិស័យហ្នឹង ជួបបញ្ហាច្រើនណាស់ ទៅមិនរួចទេ។ មកដល់ពេលនេះ យើងបានសម្លឹងឃើញយុវជនយើង ដែលបានបណ្តុះបណ្តាលទាំងក្នុងប្រទេស និងក្រៅប្រទេស មានលេចធ្លោមួយចំនួនដែរ ដូចជា លោក នាង កាវិច ដែលអាចយកស្នាដៃចូលក្នុងទីផ្សារបានទាំងក្នុងប្រទេស និងក្រៅប្រទេស»

លោកបន្តថា «យើងត្រូវការការលើកទឹកចិត្ត ជំរុញ និងបណ្តុះបណ្តាល អញ្ចឹងយើងស្វែងរកអ្នកដែលមានទេពកោសល្យ។ មានរឿងច្រើនណាស់ ត្រូវរកអ្នកពូកែសរសេរ អ្នកថត អ្នកកាត់ត មានអ្នកធ្វើសំឡេង អ្នកសំឡេង មានអ្នកធ្វើ Special Effect ។ ដូច្នេះ ទាំងអស់នេះ ជាគ្រឿងផ្សំ។ ឥឡូវនេះ យើងឃើញអ្នកដឹកនាំផង សម្តែងផង ថតផង ដើម្បីអ្វី ដើម្បីសន្សំថវិកាគាត់។ ប៉ុន្តែ ផលិតផលនោះ ពិតជាពិបាកចូលទីផ្សារហើយ ដូចខ្ញុំលើកឡើងអញ្ចឹងថា យើងមានទីផ្សារហើយ តែផលិតផលចូលមិនកើត ដោយសារគ្មានគុណភាព»

ជាមួយគ្នានេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បានឲ្យដឹងថា យ៉ាងហោចណាស់ ភាពយន្តខ្មែរអាចផលិតបានប្រមាណ ៣០រឿង តែមានច្រើនបំផុត ២រឿង ដែលអាចនាំចេញទៅទីផ្សារបរទេសបាន។

បន្ថែមលើនេះដែរ លោកបានលើកឡើងពីការផលិតមាតិកាជាភាពយន្តខ្លី ដែលដាក់ផ្សាយលើបណ្តាញសង្គម ហើយភាពច្រើនមិនមានគុណភាពទាល់តែសោះ។ គ្មានគុណភាពជារឿងមួយ តែគ្មានអត្ថន័យអប់រំ និងបញ្ចូលពាក្យអាសអាភាស ជារឿងកាន់តែគួរឲ្យបារម្ភ។

ក្នុងនាមមន្ត្រីក្រសួងវប្បធម៌ លោក ប៉ុក បូរក្ស មិនបានគាំទ្រការផលិត ដែលគ្មានការយល់ដឹងបែបនេះឡើយ។ ទោះជាយ៉ាងនេះក្តី លោកបានស្នើឲ្យផលិតករ គិតគូរឲ្យបានច្បាស់លាស់ ចំពោះការផលិតមាតិកាជាភាពយន្តខ្លីៗនោះ។

បើតាមមន្ត្រីក្រសួងវប្បធម៌ ក្រសួងនៅតែរក្សាយន្តការអប់រំ ចំពោះផលិតករណា ដែលផលិតរឿងទៅមានការប៉ះពាល់ ប៉ុន្តែចំពោះផលិតករដែលរឹងមិនស្តាប់ ច្បាស់ជាត្រូវទទួលយន្តការច្បាប់។ ក្រសួងវប្បធម៌ គោរពការតែងនិពន្ធរបស់ផលិតករ ដូចមានចែងក្នុងបទដ្ឋានគតិយុត្តសកល ស្តីពីការបញ្ចេញមតិជានិច្ច។

លោក ប៉ុក បូរក្ស ថ្លែងថា «យោងទៅលើគោលការណ៍ ការផ្តល់សិទ្ធិសេរីភាពក្នុងការការបញ្ចេញមតិ ត្រូវស្ថិតក្នុងក្របខណ្ឌគោលដៅច្បាប់មួយ។ យើងបានធ្វើសិក្ខាសាលាអប់រំពួកគាត់។ យើងបានកំណត់អ្វីទៅជាអំពើហិង្សា រូបភាពអាសអាភាព ស្អីទៅរូបភាពប៉ះពាល់ អាក្រាតកាយ។ អញ្ចឹង បើពួកគាត់យល់ទាំងអស់ហ្នឹងហើយ គឺពួកគាត់ទប់ស្កាត់នូវផលប៉ះពាល់បានច្រើន។ យន្តការយើងរាលថ្ងៃ ខ្ញុំជម្រាបតាមត្រង់ យើងនៅតែមានវិធានការអប់រំ ប៉ុន្តែក្នុងករណីរឹងរូស យើងនឹងចាត់វិធានការផ្លូវច្បាប់ ដោយសហការជាមួយសមត្ថកិច្ចក្នុងការកសាងសំណុំរឿង»

ទន្ទឹមគ្នានេះ លោក ឯក ប៊ុនថា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ របស់ក្រសួងវប្បធម៌ បានលើកឡើងថា ការផលិតភាពយន្តមួយៗ មិនមែនជារឿងសាមញ្ញទេ ហើយទាល់តែផលិតករដែលមានទេពកោសល្យណាស់ ទើបការផលិតនោះមានតម្លៃ។ ហេតុនេះហើយ ក្រសួងវប្បធម៌ បាននិងកំពុងតែខិតខំដុសខាត់ ស្វែងរកយុវវ័យជំនាន់ក្រោយ ដែលជួយលើកស្ទួយវិស័យនេះ ឲ្យរីកចម្រើនទៅមុខ។

លោកបន្តថា «ដូចរៀនក្នុងថ្នាក់មួយដែរ ច្បាស់ជាមានអ្នកពូកែនិងអ្នកមិនពូកែ ហើយអ្នករកស៉ីដូចគ្នាដែរ ច្បាស់ជាមានអ្នកពូកែរកស៉ីនិងអ្នកមិនពូកែ»។ នេះជាការលើកឡើងរបស់លោក ឯក ប៊ុនថា ដែលចង់បង្ហាញថា ភាពយន្តល្អបាន លុះត្រាតែអ្នកផលិតមានទេពកោសល្យ»។

ក្នុងឱកាសនោះ ក៏មានការចូលរួមធ្វើបទបង្ហាញដោយលោក Deependra Goachan ទីប្រឹក្សានាយកដ្ឋាន លើកិច្ចការសំខាន់ៗមួយចំនួនដើម្បីរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ទទួលបានជោគជ័យ។ លោក Deependra បានធ្វើបទបង្ហាញដល់ដៃគូគាំទ្រ ដើម្បីឲ្យពួកគាត់បានយល់ដឹងពីគុណសម្បត្តិ នៃការរៀបចំកម្មវិធីដ៏សំខាន់មួយនេះ។

លោកថ្លែងថា «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង»

សូមជម្រាបថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ត្រូវបានបង្កើតឡើងឆ្លាស់គ្នាជាមួយនឹងមហោស្រពជាតិភាពយន្តខ្នាតវែងកម្ពុជា រៀងរាល់ ២ឆ្នាំម្តង ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ជាសេនាធិការ។ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី២ ប្រារព្ធឡើងនៅឆ្នាំ២០១៨ តែខកខាននៅឆ្នាំ២០២០ ខណៈមហោស្រពជាតិភាពយន្តខ្នាតវែងកម្ពុជា ត្រូវបានខកខាននៅឆ្នាំ២០១៩ តែបានរៀបចំនៅឆ្នាំ២០២១ ជាលើកទី៥។

សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ បញ្ជាក់ថា ការរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ក៏មានការប្រកួតប្រជែង ដោយការទទួលយកខ្សែភាពយន្តខ្នាតខ្លីរបស់ផលិតករ មកវាយតម្លៃផ្តល់ជ័យលាភី និងរង្វាន់ផងដែរ ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ផងដែរ។ ផុតកំណត់នៃការទទួលពាក្យចូលរួមប្រកួត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំពោះគោលការណ៍វិនិច្ឆ័យជ្រើសរើស និងសិទ្ធិចាក់បញ្ចាំង ស្នាដៃភាពយន្តខ្នាតខ្លីទាំងអស់ ដែលបានចូលរួមនឹងត្រូវដាក់បញ្ចាំងជាសាធារណៈ នៅសាលសន្និសីទចតុម្មុខ និងរោងភាពយន្តនានា នៅរាជធានីភ្នំពេញ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២២០២២។

ចំពោះជ័យលាភី និងរង្វាន់ រួមមាន៖

* ស្នាដៃភាពយន្តដែលត្រូវបានជាប់ជាជ័យលាភីលេខ១ ទទួលបានពានមាស អមដោយថវិកា ១២.០០០.០០០ រៀល, ជ័យលាភីលេខ២ ទទួលបានពានប្រាក់ អមដោយថវិកា ៨.០០០.០០០ រៀល និងជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ អមដោយថវិកា ៤.០០០.០០០ រៀល។
* ជ័យលាភីទស្សនិកជន ទទួលបានពានលើកទឹកចិត្ត៕