(បន្ទាយមានជ័យ)៖ ថ្លែងក្នុងឱកាសអញ្ជើញប្រគល់អំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់កងទ័ព នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា «ការបញ្ជូនកូនៗឲ្យមកសួរសុខទុក្ខកងទ័ពដោយផ្ទាល់នេះ គឺជាការបណ្តុះស្មារតីឲ្យកូនៗគោរព និងស្រលាញ់កងទ័ព និងផ្សាភ្ជាប់ខ្លួនទៅនឹងការងារ»

ការលើកឡើងនេះ ស្របពេលដែលលោក បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់ដែលសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ និងខ្វាយខ្វល់ពីសុខទុក្ខកងទ័ព និងកងកម្លាំងជួរមុខទាំងអស់ ដែលកំពុងឈរជើងការពារទឹកដី និងប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា មុននឹងរដូវរងាធ្លាក់ខ្យល់ចូលមកដល់ សម្តេចទាំងទ្វេបានរៀបចំចាត់ចែងបែងចែកសម្ភារៈ ទៅតាមទិសទុកជូនកងទ័ព និងបានចាត់លោកផ្ទាល់ ជាតំណាងដើម្បីចុះចែកជូនផ្ទាល់ និងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខទៅដល់បងប្អូនកងកម្លាំងគ្រប់អង្គភាព។

សូមជម្រាបជូនថា ទីតាំងទី១ នៃពិធីប្រគល់អំណោយ គឺប្រព្រឹត្តទៅនៅកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីប្រគល់អំណោយនេះ ក៏មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការង និងជានាយសេនាធិការ យោធភូមិភាគទី៥ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៕