(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតមួយជូន លោកប្រាយុទ្ធ ចាន់អ៊ូឆា នាយករដ្ឋមន្ត្រីថៃ ដោយចូលរួមរំលែកទុក្ខចំពោះហេតុការណ៍បាញ់ប្រហារនៅមជ្ឈមណ្ឌលថែទាំកុមារភាគឦសាន ប្រទេសថៃ បណ្តាលឱ្យស្លាប់កុមារ និងមនុស្សចាស់ជាង៣០នាក់។
តាមរយៈសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ បានប្រសាសន៍ថា៖ «ខ្ញុំមានការតក់ស្លុត និងក្តីសោកសៅយ៉ាងក្រៃលែង នៅពេលបានដឹងអំពីករណីបាញ់ប្រហារដ៏អាក្រក់ នៅឯមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែង ក្នុងខេត្តណងប៊ូឡាំភូ ភាគឦសានប្រទេសថៃ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដែលបានឆក់យកជីវិតមនុស្សរាប់សិបនាក់ ដែលភាគច្រើនជាកុមារ និងបានធ្វើឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតទទួលរងរបួស»។
ក្នុងឱកាសដ៏សោកសៅបំផុតនេះ តាងនាមឱ្យរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយស្មោះពីចិត្តបំផុតជូនចំពោះ លោក ប្រាយុទ្ធ ចាន់អ៊ូចា ហើយតាមរយៈលោក បន្តជូនចំពោះរដ្ឋាភិបាល និងប្រជាជនថៃ ជាពិសេសក្រុមគ្រួសារនៃសព និងអ្នកដែលរងរបួស។
សម្តេចបានថ្លែងថា កម្ពុជាឈរនៅជាមួយថៃក្នុងការកាន់ទុក្ខចំពោះឧប្បត្តិហេតុសម្លាប់មនុស្សយ៉ាងរង្គាលនេះ ហើយសូមជូនពរអ្នករបួសឱ្យឆាប់ជាសះស្បើយឡើងវិញ។
សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា មានបុរសជនជាតិថៃម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារសម្លាប់មនុស្សយ៉ាងហោច ៣៨នាក់ នៅខេត្តភាគឦសាន ប្រទេសថៃ។ ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅទីនោះ រួមមានក្មេងៗដល់ទៅ ២៤នាក់ផងដែរ។
មន្ត្រីប៉ូលិសថៃប្រចាំខេត្តណងបួលាំភូ បានឱ្យដឹងថា ខ្មាន់កាំភ្លើង ឈ្មោះ Panya Khamrab មានអាយុ ៣៤ឆ្នាំ បានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលមើលថែទាំកុមារ ដែលស្ថិតក្នុងស្រុកណាក្លាង (Na Klang) ដើម្បីស្វែងរកកូន។ ប៉ុន្តែមិនបានជួបឡើយ ហើយស្រាប់តែបានបើកការបាញ់ប្រហារ នៅក្នុងមជ្ឈមណ្ឌលតែម្ដង។ ក្រោយមកខ្មាន់កាំភ្លើងរូបនេះបានជិះរថយន្ដត្រឡប់ទៅផ្ទះវិញ ហើយបាញ់សម្លាប់ប្រពន្ធកូន និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ប្រព័ន្ធផ្សព្វផ្សាយថៃ បានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះធ្លាប់ជាអតីតមន្ត្រីប៉ូលិសម្នាក់ ដែលត្រូវបានបណ្ដេញចេញពីតួនាទីកាលពីឆ្នាំ២០២១ ដោយសារប្រើប្រាស់គ្រឿងញៀន។ អ្នកនៅក្នុងតំបន់នោះផ្ទាល់ ក៏សុទ្ធតែស្គាល់យ៉ាងច្បាស់ថា ខ្មាន់កាំភ្លើងរូបនេះជាមនុស្សញៀនថ្នាំផងដែរ។
នៅក្នុងការវាយប្រហារដ៏រន្ធត់នេះ ខ្មាន់កំាភ្លើង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ព្រមទាំងកាំភ្លើង Shot Gun មួយដើម និងកំាបិតមួយផងដែរ។ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុឱ្យច្បាស់ដែលនាំឱ្យខ្មាន់កាំភ្លើងខាងលើ ប្រព្រឹត្តទង្វើដ៏សាហាវយង់ឃ្នងនេះទេ។ ប៉ូលិសថៃ បានសន្និដ្ឋានបឋមថា ការបាញ់ប្រហារនេះ អាចបណ្តាលមកពីឥទ្ធិពលគ្រឿងញៀន៕