(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារបាននាំយកអំណោយរបស់រដ្ឋបាលខេត្តក្រមការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន អេម រុរាយណ៍ ខេមបូឌា(AMRU RICE CAMBODIA) ចែកជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ។

លោក សុក ហៃ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនអេមរុរាយណ៍ខេមបូឌា (AMRU RICE CAMBODIA) ដែលបានផ្តល់ស្បៀងអាហារសម្រាប់ការចែកជូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ទឹកជំនន់នាពេលកន្លងមក។

លោកបន្តថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ទឹក សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេងៗ មិនត្រូវឱ្យពួកគាត់លេងទឹក ដែលអាចនាំអោយមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសេរពិស នឹងត្រូវហូបស្អាត ផឹកស្អាត ប្រកបដោយអនាម័យខ្ពស់និងស្នើដល់អាជ្ញាធរមូលដ្ឋានត្រូវខិតខំយកចិត្តទុកដាក់រក្សានូវសន្តិសុខ សុវត្ថិភាព ចំពោះប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

សូមបញ្ជាក់ថាប្រជាពលរដ្ឋចំនួន១០០គ្រួសារ មកពី ឃុំសាមគ្គី៥០គ្រួសារ ឃុំដូង២០គ្រួសារ និងឃុំក្រយា២០គ្រួសារ ឃុំសាគ្រាម ១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី០១កេស ទឹកស៊ីអ៊ីវ០១យួរ៕