អង្គការសហប្រជាជាតិ៖ មនុស្សជាង១០,០០០នាក់បានស្លាប់ ក្នុងសមុទ្រម៉េឌីទែរ៉ាណេ គិតចាប់តាំងពីឆ្នាំ២០១៤
08-06-2016 08:29
(ស្វីស)៖ ព័ត៌មានអង្គការសហប្រជាជាតិ ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មានមនុស្សជាង ១០,០០០នាក់បានស្លាប់ ដែលបានធ្វើដំណើរឆ្លងកាត់សមុទ្រម៉េឌីទែរ៉ាណេ ឆ្ពោះទៅកាន់តំបន់អ៊ឺរ៉ុប បើគិតចាប់តាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ននេះ។
អ្នកនាំពាក្យភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ (UNHCR) លោក Adrian Edwards បានលើកឡើង ក្នុងទីក្រុង Geneva ប្រទេសស្វីសថា «ចំនួនមនុស្សស្លាប់ជាង១ម៉ឺននាក់នេះ គឺទើបតែទទួលបាន នៅរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះប៉ុណ្ណោះ»។
ប្រភពខាងលើបានបន្តថា ចំនួនអ្នកស្លាប់ នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ បានកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំ២០១៦នេះ ជាមួយនឹងមនុស្ស២,៨១៤នាក់បានស្លាប់ បើគិតចាប់តាំងពីដើមឆ្នាំ បន្ទាប់ពីមានមនុស្ស ៣,៧៧១នាក់ ក្នុងឆ្នាំ២០១៥ និង ៣,៥០០នាក់ នៅក្នុងឆ្នាំ២០១៤។ UNHCR បានបញ្ជាក់ថា មានមនុស្សសរុប ១០,០៨៥នាក់បានស្លាប់ ក្នុងរយៈពេលតិចជាង២ឆ្នាំកន្លះកន្លងទៅនេះ៕