(ឧត្តរមានជ័យ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានចាត់តាំងលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណ:កម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោក រិន វីរៈ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានផ្នែកចាត់តាំងនៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំសហការី នាំយកថវិការបស់លោក និងភរិយា ព្រមទាំងថ្នាក់ដឹកនាំយុវជន និងសមាជិក សមាជិកា នៃយុវជនគណបក្សថ្នាក់កណ្តាល មកប្រគល់ជូនក្រុមគ្រួសារសពអនុសេនីយ៍ឯក ឈន ស៊ីដេត និងអនុសេនីយ៍ឯក វ៉ាន់ ថុល ក្នុងពិធីបុណ្យគម្រប់៧ថ្ងៃ នៅស្រុកបន្ទាយអំពិល ឃុំគោកមន្ត ដែលបានពលីកម្មជីវិតក្នុងហេតុការណ៍ជួយសង្រ្គោះជីវិតក្មេងប្រុសពីររូបឲ្យរួចផុតពីគ្រោះថ្នាក់ ។
ថវិកាដែលបានប្រគល់ជូនគ្រួសារសពទាំងពីរ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ មានសរុបចំនួន ១៥,៦៥៥ដុល្លារ និង១២ លានរៀល ដោយក្នុងមួយគ្រួសារទទួលបាន ៧,៨២៧.៥ ដុល្លារ និង៦លានរៀល។
ក្នុងពិធីនោះដែរ ក៏មានការចូលរួមពីក្រុមការងារយុវជនផ្នែកចាត់តាំង,ក្រុមការងារយុវជនផ្នែកក្រសួង ស្ថាប័ន,ក្រុមការងារយុវជនខេត្ត,ក្រុមការងារយុវជនស្រុក និងយុវជនឃុំផងដែរ។
សូមជម្រាបថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិនវរសេនាតូច៤២២ របស់កងពលតូចថ្មើរជើងលេខ៤២ ចំនួន២នាក់ បានទៅបង់ត្រី នៅទីតាំងខាងលើក៏ប្រទះឃើញក្មេង២នាក់ កំពុងលង់ទឹកទើបចុះជួយសង្គ្រោះពេលសង្គ្រោះជីវិតក្មេងបានហើយជាអកុសលទឹកហូរគួចខ្លាំង បណ្ដាលឲ្យលង់ស្លាប់ទាំង២នាក់តែម្ដង។
យោធិនទាំង២រូបនោះ ទី១៖ ពលបាលឯក ឈន ស៊ីដេត អាយុ៣៩ឆ្នាំ អត្តលេខ ២៣៤៦៩០ និងទី២៖ ពលទោ វាន់ ថុន អាយុ២៣ឆ្នាំ អត្តលេខ ២៣៨១៤២៕