(ភ្នំពេញ)៖ តំណាងអង្គការដោះមីននៅប្រទេសកម្ពុជា Halo Trust បានលើកឡើងថា កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ លើការងារដោះមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។
នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងអង្គការ Halo Trust ជាអប្រតិបត្តិករបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានកោតសរសើដល់បេសកកម្មមនុស្សធម៌ របស់អង្គការ Halo Trust ក្នុងរយៈពេល ២៥ឆ្នាំ កន្លងមកនេះ នៅកម្ពុជា ដោយបានជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា រាប់ម៉ឺននាក់ ពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតផ្ទុះពីសង្គ្រាម។
ទន្ទឹមនេះ អាជ្ញាធរមីន ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ជាអ្នកសម្របសម្រួលលើវិស័យសកម្មភាពមីន បានទទួលយកនូវសំណូមពរមួយចំនួន ពីអង្គការ Halo trust ដើម្បីធ្វើឲ្យប្រសើរឡើង នូវប្រតិបត្តិការ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ជាមួយគ្នានេះ តំណាងអង្គការ Halo Trust ទទួលស្គាល់នូវការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ដោយមិនត្រឹមទទួលស្គាល់ដោយប្រទេសក្នុងតំបន់ ប៉ុណ្ណោះទេ ប៉ុន្តែមានការទទួលស្គាល់ក្នុងឆាកអន្តរជាតិ ដែលជាប្រទេសនាំមុខគេ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ជាចុងក្រោយ អង្គការ Halo Trust និងបន្តគាំទ្រដល់អណ្ណត្តិការងារ របស់អាជ្ញាធរមីន ក៏ដូចជាគាំទ្ររាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់បន្តទៀត។ អង្គការ Halo Trust នឹងរួមគ្នា ជាមួយអាជ្ញាធរមីន ក្នុងការកៀរគរថវិកាជំនួយពីបណ្តាប្រទេស និង ដៃគូអភិវឌ្ឍន៍បន្ថែមទៀត សម្រាប់គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា៕