(កំពង់ធំ)៖ ក្រោយមានការធ្លាក់ភ្លៀងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បានបង្កឲ្យមានការជន់លិចនូវទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងនោះស្រុកតាំងគោក ខេត្តកំពង់ធំ ស្ថានភាពទឹកទន្លេជន់ឡើងបណ្ដើរៗ នៅភូមិសាស្ត្រឃុំពង្រ។ ប៉ុន្ដែការជន់ឡើងនៃទឹកទន្លេក្នុងឃុំនេះ ពុំមានផលប៉ះពាល់ដល់ដំណាំស្រូវឡើយ ខណៈវាលស្រែដែលបានលិចបានក្លាយជាដែននេសាទរបស់ពលរដ្ឋ។
ដោយការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងក្រោមការចង្អុលបង្ហាញពីលោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំមន្ដ្រី ចុះពិនិត្យស្ថានភាពទឹកជំនន់ដែលកំពុងលិច។
លោក ហាក់ ម៉ុងហួត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមបង្កើនការប្រុងប្រយ័ត្នពីទឹកជំនន់ ដែលកើតឡើងដោយសារទឹកទន្លេឡើង រយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបណ្ដាលឲ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាន និងផ្លូវលំមួយចំនួន។
លោកបានបន្ថែមថា ដោយសារស្ថានភាពអាកាសធាតុនៅក្នុងតំបន់កំពុងតែរងនូវឥទ្ធិពលទឹកភ្លៀងជាបន្តបន្ទាប់ថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ ហេតុនេះហើយសូមបង្កើនការប្រយ័ត្នខ្ពស់។ ពិសេសសូមប្រុងប្រយ័ត្នចំពោះកូនចៅក្មេងតូចៗ កុំបណ្ដោយឲ្យលេងទឹក និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាព និងសុវត្ថិភាពចំណីអាហារ។
លោកអភិបាលស្រុកតាំងគោក ក៏បានណែនាំរដ្ឋបាលឃុំត្រូវតាមដាន និងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឲ្យបានជាប្រចាំរាល់ថ្ងៃ ដល់រដ្ឋបាលស្រុក ដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលា បើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ៕