(សៀមរាប)៖ នគរបាលស័ក្ដិ៤កន្លះម្នាក់ មានតួនាទីជានាយរងការិយាល័យអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើអត្តឃាតប៉ងបញ្ចប់ជីវិតដោយខ្លួនឯងជាមួយអាវុធខ្លី។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ ចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងក្រុងទី៨ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្ដសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា មន្ដ្រីនគរបាលដែលបាញ់សម្លាប់ខ្លួនឯងនេះ ឈ្មោះ សេង វុទ្ធី អាយុ៣១ឆ្នាំ បានប្រើប្រាស់អាវុធខ្លីម៉ាក Glock ផលិតនៅប្រទេសអូទ្រីស (Austria)។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញបង់ចំនួន១, គ្រាប់ចំនួន១១គ្រាប់, ក្បាលគ្រាប់ចំនួន១ និងសំបកគ្រាប់ចំនួន១។
តាមការស្តាប់បំភ្លឺរបស់ឈ្មោះ សេង សំអាន អាយុ៦៣ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា ឈ្មោះ សេង វុទ្ធី ជាមនុស្សចូលចិត្តលេងសើចច្រើន ពុំមានជំងឺផ្លូវចិត្ត ឬរោគប្រចាំកាយអ្វីនោះទេ។ ប៉ុន្តែសពតែងតែមានទំនាស់ជាប្រពន្ធជាញឹកញាប់ ដោយគេចូលចិត្តដើរផឹកស៊ីជាប្រចាំ។
ដោយឡែកនៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ មិនដឹងថាឈ្មោះ សេង វុទ្ធី ផឹកស្រវឹងឬអត់នោះទេ ស្រាប់តែនៅម៉ោងប្រមាណ ០៖១៥នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី០៧ រូបគាត់ទទួលព័ត៌មានពីអ្នករស់នៅជាប់ផ្ទះកូនថា កូនរបស់គាត់ឈ្មោះ សេង វុទ្ធី បានយកអាវុធខ្លី ជាកម្មសិទ្ធិផ្ទាល់ខ្លួនបាញ់ត្រង់ក្បាលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ។
តាមការស្តាប់បំភ្លីសាក្សីជាអ្នករស់នៅជិតខាង បានអះអាងដែរថា ហើយកន្លងមកជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធជាញឹកញាប់ ដោយសារប្រពន្ធប្រច័ណ្ឌរឿងប្តីដើរផឹកស៊ីដល់យប់ជ្រៅពេក។
ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប៉ុន្ដែដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏ត្រូវបានបញ្ជូនបន្ដទៅមន្ទីរពេទ្យកាល់ម៉ែត។ ផ្អែកតាមការស្តាប់បំភ្លឺសាច់ញាតិជនរងគ្រោះ, សាក្សីអ្នកជួយសង្រ្គោះ, រូបថតជនរងគ្រោះដែលទទួលបានពីសាច់ញាតិ និងយោងតាមវត្ថុតាងដែលចាប់បានពីកន្លែងកើតហេតុ សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះ ជាករណីអត្តឃាត (បាញ់សម្លាប់ខ្លួនឯង) ពិតប្រាកដមែន៕