(សៀមរាប)៖ ក្រសួងផែនការ បានរៀបចំបំពេញបែបបទ និងផ្ដល់បណ្ណសមធម៌ដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់អង្គរដែលស្ម័គ្រចិត្តរុះរើផ្ទះ ទៅរស់នៅភូមិធម្មជាតិរុនតាឯក ចំនួន៤,២២៩គ្រួសារ ក្នុងនោះដែរ លើកទី១៖ ទទួលបានចំនួន១,១១៧គ្រួសារ និងលើកទី២៖ ទទួលបានចំនួន៣,១១២គ្រួសារ។
លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ និងជាប្រធានក្រុមការងារធ្វើប័ណ្ណសមធម៌ បានឲ្យដឹងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសំណេះសំណាលជាមួយប្រជាជននៅតំបន់អង្គរ ដែលស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក ចំនួន២លើក បានសម្រេចផ្តល់បណ្ណសមធម៌ដល់ពលរដ្ឋសរុប ៤,២២៩គ្រួសារ។
ក្នុងជំនួបជាមួយសម្ដេចលើកទី១ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានចំនួន១,១១៧គ្រួសារ និងលើកទី២ ចំនួន២,៨៥៣គ្រួសារ និងប្រជាជនដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ចំនួន៥៩៤គ្រួសារ និងក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម គឺក្រសួងផែនការ បានបើកយុទ្ធនាការកំណត់ និងផ្តល់បណ្ណសមធម៌លើកទី១ កាលពីថ្ងៃទី២៩ និង៣០ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិធម្មជាតិរុនតាឯកផ្ទាល់ ដោយសម្រេចបានការផ្តល់បណ្ណចំនួន៤៥២គ្រួសារ (អ្នកមានបណ្ណចាស់ចំនួន១០៨ និងថ្មីចំនួន៣៤៤គ្រួសារ)។
លោក ថេង បញ្ញាធន បានបន្តថា ដោយប្រជាពលរដ្ឋស្ម័គ្រចិត្តប្តូរទៅរស់នៅភូមិធម្មជាតិរុនតាឯក មានចំនួនច្រើនដល់ទៅ៤,២២៩គ្រួសារ គិតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ក្រសួងផែនការបានបន្តបើកយុទ្ធនាការកំណត់ និងផ្តល់បណ្ណសមធម៌ដល់គ្រួសារនៅទីតាំងមុខអង្គរវត្តផ្ទាល់ ដោយប្រើប្រាស់មន្ត្រីសរុបចំនួន៦០នាក់ និងរំពឹងថា រួចរាល់ក្នុងរយៈពេលមួយសប្ដាហ៍។
ចំពោះយុទ្ធនាការ នៃការកំណត់ និងផ្ដល់បណ្ណដល់ប្រជាពលរដ្ឋនាពេលនេះ គឺបានរៀបចំជាប្រព័ន្ធ និងមិនឲ្យប្រជាពលរដ្ឋចំណាយពេលមករង់ចាំយូរ គឺផ្តល់ឱកាសឲ្យពួកគាត់ចូលសម្ភាសម្ដងចំនួន៣០គ្រួសារ និងប្រើពេលតែប៉ុន្មាននាទីប៉ុណ្ណោះ នឹងទទួលបានបណ្ណសមធម៌ ដែលមានលោកស្រីមេឃុំរុនតាឯក រង់ចាំចុះហត្ថលេខានៅទីនេះតែម្តង។ ម្យ៉ាងវិញទៀត ពួកគាត់ក្រោយពីទទួលបានបណ្ណសមធម៌ភ្លាម គឺអាចចុះបញ្ជីទទួលលេខកូដសម្រាប់បើកប្រាក់នៅ បញ្ជរវ៉ីងនៅជិតៗទីនេះភ្លាម។
ដោយឡែក ការសម្ភាសខ្លីសម្រាប់ផ្តល់បណ្ណ គឺដើម្បីទទួលបានព័ត៌មានមួយចំនួនសម្រាប់តាមដាន និងវាយតម្លៃពីស្ថានភាពជីវភាពរស់នៅរបស់ពួកគាត់នាពេលបន្ទាប់ ជាពិសេសសម្រាប់ រាជរដ្ឋាភិបាលកម្ពុជាផ្ដល់អន្តរាគមន៍ផ្សេងៗ។
ទន្ទឹមនឹងនោះដែរ ដើម្បីជួយសម្រួលដល់ក្រុមការងារក្នុងការផ្តល់សេវាជូនបានឆាប់ និងប្រជាពលរដ្ឋមិន ចំណាយពេលរង់ចាំយូរ មន្រ្តីក្រសួងផែនការ បានផ្ដាំដល់ប្រជាពលរដ្ឋដែលត្រូវមកធ្វើបណ្ណសមធម៌ ត្រូវនាំយកមកជាប់ខ្លួននូវឯកសារចាំបាច់មួយចំនួន ដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ បង្កាន់ដៃ ទីតាំងដីឡូត៍ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងសូមឲ្យប្រជាពលរដ្ឋមានការអធ្យាស្រ័យគ្នា ដោយកុំដណ្តើមគ្នា គឺផ្តល់ជូនទាំងអស់គ្នាដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ៕